
បើយោងតាមសេចក្ដីរាយការណ៍ព័ត៌មានមួយ នៅថ្ងៃចន្ទ (ទី៨ ខែកក្កដា) នេះ បានឲ្យដឹងថា ទីក្រុងសេអ៊ូលកំពុងពិនិត្យមើលសំណើពីប្រទេសប៉ូឡូញសុំឲ្យទិញយានដ្រូនរបស់ខ្លួន ជាពិសេសប្រភេទយានវាយប្រហារតាមអាកាស ដែលត្រូវប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព ក្នុងប្រទេសអ៊ុយក្រែន ខណៈវាអាចជួយឲ្យទទួលបាននូវកិច្ចសន្យាបន្ថែមទៀតជាមួយអ្នកទិញអាវុធដ៏ធំមួយនេះ។
ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន Dong-a Ilbo របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប៉ូឡូញបានស្នើលក់យានដ្រូនជាច្រើនគ្រឿងដល់គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Shin Won-sik ដែលបានទៅទស្សនកិច្ច កាលពីខែមុន។

សារព័ត៌មាន Dong-a Ilbo បានរាយការណ៍ថា រដ្ឋាភិបាលប៉ូឡូញ បានគូសបញ្ជាក់ពីប្រសិទ្ធភាពរបស់យានដ្រូន ដូចដែលបានបង្ហាញឲ្យឃើញនៅក្នុងការប្រយុទ្ធ និងតម្លៃដ៏ទាបរបស់វាដែលអាចលៃលកទិញបាន។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានចុះហត្ថលេខាលើកិច្ចសន្យាសព្វាវុធសំខាន់ៗ ជាមួយកូរ៉េខាងត្បូង ក្នុងនោះរួមទាំងកិច្ចព្រមព្រៀងតម្លៃ ២២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដើម្បីទិញកាំភ្លើងបាញ់ផ្លោង រថក្រោះ និងយន្តហោះចម្បាំង ដែលជាការលក់អាវុធដ៏ធំបំផុតមិនធ្លាប់មាន សម្រាប់កូរ៉េខាងត្បូង៕