បាល់ទាត់៖ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Mikel Arteta ត្រូវបាន Arsenal ទុកពេលឱ្យ ៦សប្តាហ៍ទៀតដើម្បីស្តារកិត្តិយសរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Telegraph។ Mikel Arteta បានចាប់ផ្តើមអាជីពបង្វឹករបស់ខ្លួននៅឆ្នាំ២០១៦ ដោយនៅពេលនោះគឺជាជំនួយការលោក Pep Guardiola នៅ Manchester City។

បន្ទាប់ពីចំណាយពេលធ្វើការជាមួយអ្នកចាត់ការ ដែលមានសមត្ថភាពខ្ពស់បំផុតម្នាក់នោះ Mikel Arteta ក៏ចាប់ផ្តើមបើកទំព័រជាអ្នកចាត់ការធំរបស់ខ្លួនជាមួយ Arsenal នៅឆ្នាំ២០១៩ ដោយបន្តតំណែងពីលោក Unai Emery ដែលត្រូវបានបណ្តេញចេញ។ ការមកដល់របស់ Arteta ក៏មានចំនុចខ្ពស់ និងទាបដែរដោយធ្លាប់លើកពាន FA Cup នៅឆ្នាំ២០២០ តែក៏មិនឡើងផុតពីលេខ៨ ដែរនៅ English Premier League។ រដូវកាលថ្មីនេះទៀតសោត Arsenal ចាប់ផ្តើមមិនដូចអ្វីដែលរំពឹងទុក បន្ទាប់ពីចាញ់ពីរប្រកួតជាប់គ្នារួមមានចាញ់នៅផ្ទះ Brentford និងចាញ់ Chelsea ២-០ ដូចគ្នា។
សារព័ត៌មាន Telegraph បានឱ្យដឹងថា Arteta មានឱកាសស្រោចស្រង់តំណែងរបស់ខ្លួនរហូតដល់ខែតុលា មានន័យថា Arteta ត្រូវដឹកនាំ ៦ប្រកួតក្នុងរយៈពេល ៦សប្តាហ៍នេះឱ្យបានល្អរួមមានប្រកួតពាន Carabao Cup នៅទឹកដី West Brom មុនពេលជួបក្រុមម្ចាស់ផ្ទះការពារជើងឯក Manchester City។ បន្ទាប់ពីនេះ Arsenal ត្រូវជួប Norwich City, Burnley, Tottenham Hotspur និង Brighton។ ប្រសិនជាដឹកនាំមិនបានល្អតំណែង Arteta អាចនឹងត្រូវជំនួសដោយលោក Antonio Conte ដែលកំពុងនៅទំនេរ៕
អត្ថបទ៖នាង សុភាវុធ