ស្នូកឃ័រ៖ កីឡាករស្នូកឃ័រជើងចាស់ Mark Williams បានក្លាយជាជើងឯកការប្រកួតពានរង្វាន់ British Open ជាលើកទី២ ក្នុងអាជីពក្រោយយកឈ្នះ Gary Wilson នៅវគ្គផ្តាច់ព្រ័ត្រ។ បន្ទាប់ពី Wilson នាំមុខ ៣-២ហ្វ្រេម Mark Williams បានវាយបក ២ហ្វ្រេមមកវិញក្រោយវាយមួយឈើបាន ៧៥ពិន្ទុ និង ១១៥ពិន្ទុដើម្បីមុខវិញ ៤-៣។

ក្រោយមក Gary Wilson ធ្វើមិនបានល្អឡើយនៅពេលវាយគ្រាប់ផ្កាឈូកមិនចូលនៅហ្វ្រេមចុងក្រោយ ស្របពេលជើងឯកពិភពលោក ៣សម័យ Mark Williams ក្តោបយកឱកាសនេះដើម្បីយកឈ្នះការប្រកួតសរុបលទ្ធផលចុងក្រោយ ៦-៤។ កីឡាករសញ្ជាតិវែល Mark Williams បាននិយាយថា លោកឈ្នះពាននេះដោយសំណាង ពោលគឺលោកគិតថា ២ហ្វ្រេមនៅវគ្គផ្តាច់ព្រ័ត្រនេះលោកសមតែចាញ់ តែសំណាងបែជាឈ្នះទៅវិញ។
នេះជាជើងឯក British Open លើកទី២ ក្នុងអាជីពរបស់ Mark Williams និងជាពានលំដាប់ Ranking លើកទី២៤ ផងដែរដែលនៅពេលនេះ Williams ឈ្នះពានក្នុង Ranking ២លើកពីលើ Judd Trumps និងមានតែ Ronnie O’Sullivan ទេឈ្នះសរុប ៣៧លើក, Stephen Hendry ៣៦លើក, John Higgins ៣១លើក និង Steve Davis ២៨លើក។ ចំណែកការប្រកួតពានរង្វាន់ British Open នេះជាការរៀបចំដំបូងក្រោយអវត្តមានអស់រយៈពេល ១៧ឆ្នាំ។ បន្ទាប់ពី British Open នេះស្នូកឃ័រនឹងបន្តឈានដល់ការប្រកួតពាន Northern Ireland Open នៅដើមខែតុលា៕
អត្ថបទ៖នាង សុភាវុធ