
ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បាននិយាយថាការិយាល័យរបស់លោក កំពុងតាមដានលើរបាយការណ៍ដែលថា មានផ្នូរដ៏ធំមួយ នៅវាលខ្សាច់តាមបណ្តោយព្រំដែនលីប៊ី-ទុយនេស៊ី បន្ទាប់ពីសពជនអន្តោប្រវេសន៍យ៉ាងតិច ៦៥នាក់ ត្រូវបានរកឃើញនៅកន្លែងមួយទៀត កាលពីដើមឆ្នាំនេះ។
នៅក្នុងសុន្ទរកថាមួយ លោក Volker Turk បានបរិហារការរំលោភបំពានគ្រប់កន្លែង ប្រឆាំងនឹងជនអន្តោប្រវេសន៍ និងជនភៀសខ្លួន នៅលីប៊ី ជាប្រទេសដែលមានទីតាំងស្ថិតនៅផ្លូវឆ្លងកាត់ដ៏គ្រោះថ្នាក់លាតសន្ធឹងកាត់វាលខ្សាច់សាហារ៉ា និងឆ្លងកាត់ភាគខាងត្បូងនៃសមុទ្រមេឌីទែរ៉ាណេ។

ដោយបានរាយបញ្ជីឧក្រិដ្ឋកម្មជាច្រើន ក្នុងនោះរួមមានទាំងការជួញដូរមនុស្ស ការធ្វើទារុណកម្ម ពលកម្មដោយបង្ខំ ការជំរិតទារប្រាក់ ភាពអត់ឃ្លាន ការឃុំខ្លួន និងការបណ្ដេញចេញក្នុងចំនួនដ៏ច្រើន លោក Turk បានលើកឡើងថា ការរំលោភបំពានលើជនអន្តោប្រវេសន៍ កំពុងត្រូវបាន «ប្រព្រឹត្តក្នុងកម្រិតមួយ ដោយមិនមានការដាក់ទោសទណ្ឌ» ទាំងពីតួអង្គរដ្ឋ និងមិនមែនរដ្ឋ។
យ៉ាងណាក្ដី លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត អំពីអត្តសញ្ញាណជនរងគ្រោះដែលត្រូវបានគេសង្ស័យ កប់ក្នុងផ្នូរដ៏ធំនោះ ឬពីរបៀបដែលគេបានរកឃើញទីតាំងនោះទេ។ អ្នកនាំពាក្យនៅការិយាល័យរបស់លោក Turk បាននិយាយថា៖ «យើងមិនបានទទួលព័ត៌មានពីអាជ្ញាធរទេ ប៉ុន្តែយើងកំពុងបន្តតាមដានលើរឿងនេះ»។
គួរបញ្ជាក់ថា នៅក្នុងខែមីនា យ៉ាងហោចណាស់សពជនអន្តប្រវេសន៍ចំនួន ៦៥នាក់ ត្រូវបានគេរកឃើញនៅកន្លែងផ្នូរដ៏ធំមួយនៅជ្រលងភ្នំ al-Jahriya ភាគនិរតីនៃប្រទេសលីប៊ី ចម្ងាយប្រហែល ៤២០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុង Tripoli៕