បាល់ទាត់៖ ខ្សែការពារសញ្ជាតិស្កុតឡេន Andy Robertson បានប្តេជ្ញាចំពោះអនាគតរបស់ខ្លួនជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៦ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ឆ្នាំនៅថ្ងៃចន្ទម្សិលមិញ។

ប្រធានក្រុមរបស់ក្រុមជំរើសជាតិស្កុតឡេនរូបនេះ នៅសល់កិច្ចសន្យាចាស់របស់ខ្លួន ៣ឆ្នាំទៀតជាមួយ Liverpool បន្ទាប់កិច្ចសន្យាចុងក្រោយបំផុតកាលពីឆ្នាំ២០១៩។ កីឡាករវ័យ ២៧ឆ្នាំរូបនេះបានក្លាយជាកីឡាករទី៥ ដែលបានបន្តកិច្ចសន្យាថ្មីជាមួយ Liverpool បន្ទាប់ពីខ្សែការពារអង់គ្លេស Trent Alexander-Arnold, Fabinho, Alisson Becker និង Virjil van Dijk។ Andy Robertson បានក្លាយខ្លួនជាកីឡាករដែលមានឥទ្ធិពលម្នាក់នៅ Liverpool និងក្រុមជំរើសជាតិស្កុតឡេនចាប់តាំងពីផ្ទេរមកកាន់ Liverpool នៅឆ្នាំ២០១៧ ពី Hull City ក្នុងតំលៃ ៨លានផោន។
Liverpool ក៏សង្ឃឹមថានឹងជោគជ័យក្នុងការបន្តកិច្ចសន្យា ជាមួយកីឡាករសំខាន់ៗផ្សេងទៀតដូចជា Mohamed Salah, Jordan Henderson និង Sadio Mane ជាដើម។ Liverpool ក៏មានកីឡាករ ២រូបចាកចេញរួមមាន Georginio Wijnaldum ទៅ PSG និង Xherdan Shaqiri ទៅ Lyon ក្នុងតំលៃ ៩.៥លានផោន។ ក្រៅពីនោះ Liverpool អាចនឹងបាត់បត់កីឡាករ ២រូបមុនពេលទីផ្សាដោះដូរកីឡាករបិទបញ្ចប់គឺ Divock Origi និង Nathaniel Phillips៕
អត្ថបទ៖នាង សុភាវុធ