នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស នាខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឈាង ឆដាភ័ក្រ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះ។
លោក បន្តថា ជារៀងរាល់ឆ្នាំនាយកដ្ឋាន តែងតែរៀបចំមហោស្រពបុរាណនេះឡើង ក្នុងគោលបំណងលើកទឹកចិត្តសិល្បករ សិល្បការិនី ដែលគាត់ប្រកបអាជីពទម្រង់សិល្បៈបុរាណនេះ។ មានន័យថាក្រសួង ក៏ដូចជានាយកដ្ឋាន បានយកចិត្តជាខ្លាំងទៅសិល្បករ សិល្បការិនី ហើយការរៀបចំមហោស្រពល្ខោនបាសាក់ គឺដើម្បីថែរក្សា ការពារ លើកស្ទួយ លើកទឹកចិត្តសិល្បករល្ខោនបាសាក់ និងដើម្បីផ្សព្វផ្សាយជូនដល់មហាជន ជាពិសេសយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ឱ្យបានស្គាល់ និងស្វែងយល់អំពីល្ខោនបាសាក់ ព្រមទាំងរួមគ្នាគាំទ្រមរតកវប្បធម៌ខ្មែរ។
សូមបញ្ជាក់ផងដែរថា មហោស្រពល្ខោនបាសាក់ មិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅសំខាន់នៃការរៀបចំមហោស្រពល្ខោនបាសាក់ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការដឹកនាំដំឡើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់វិស័យសិល្បៈទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ៕ អត្ថបទ រដ្ឋា











