ឯកឧត្តម ខាំបៃ ដាំឡាត់ អនុប្រធានរដ្ឋសភាឡាវ និងជាប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនានូវវិមានឈ្នះ ឈ្នះ និងសិក្សាស្វែងយល់ អំពីការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ខណៈដំណើរទស្សនកិច្ចនេះឯកឧត្តមបានចាត់ទុកថា វិមានឈ្នះ ឈ្នះ ឬសារមន្ទីរជាតិតេជោ ជាកន្លែងដ៏សំខាន់មួយនៃ ប្រវត្តិសាស្រ្តកម្ពុជា។
សំណេរតាមរយៈក្រាំងមាសនៅវិមាន ឈ្នះ ឈ្នះ ឯកឧត្តម ខាំបៃ ដាំឡាត់ បានលើកឡើងថា គណៈប្រតិភូសមាគមមិត្តភាពឡាវ និងកម្ពុជា ពិតជាសប្បាយចិត្ត និងសូមសម្តែងការដឹងគុណ និងអរគុណក្នុងការ ទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់កម្ពុជាចំពោះឯកឧត្តម និងគណៈប្រតិភូរបស់ឡាវ។
ឯកឧត្តមបានបញ្ជាក់ថា«គណៈប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ថ្នាក់កណ្តាលសូមសម្តែងការគួរសម និងរីករាយយ៉ាងខ្លាំងដែលបានដឹកនាំគណៈប្រតិភូចូលទស្សនាសារមន្ទីរជាតិតេជោ(វិមាន ឈ្នះ ឈ្នះ) ដែលជាកន្លែងដ៏សំខាន់របស់ប្រវត្តិសាស្រ្តកម្ពុជា ជាការផ្លាស់ប្តូររបបគ្រប់គ្រង និងបញ្ចប់សង្រ្គាមស៊ីវិល ក្រោម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាបុគ្គលចាប់ផ្តើមសាង និងអភិវឌ្ឍប្រទេសកម្ពុជាឲ្យមាន ភាព រីកចម្រើន»។ ជាមួយគ្នានោះដែរឯកឧត្តមបានរំពឹងថា ទំនាក់ទំនងរវាងឡាវ និងកម្ពុជា នឹងគង់វង្សយូរអង្វែងជា រហូតផងដែរ។
សូមបញ្ជាក់ថា ក្រៅពីអញ្ជើញដឹកនាំគណៈប្រតិភូទៅទស្សនា និងសិក្សាប្រវត្តិសាស្រ្តនៅវិមាន ឈ្នះ ឈ្នះ នាថ្ងៃទី៩ ខែកក្កដា នេះដែរ ឯកឧត្តមខាំបៃ ដាំឡាត់ ក៏បានជួបពិភាក្សាការងារមួយចំនួនជាមួយ ឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និង ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងក៏បានចូលទៅទស្សនានៅសារមន្ទីរជាតិកម្ពុជាផងដែរ៕ អត្ថបទ បាន ចក់









