អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បាននិយាយកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា ទំនាក់ទំនងរបស់ឥណ្ឌា ជាមួយរុស្ស៊ី ផ្តល់ឱ្យប្រទេសនេះនូវជំហរពិសេសមួយ និងសមត្ថភាពដើម្បីជំរុញឱ្យលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្រ្ទៈ ម៉ូឌី (Narendra Modi) ដែលបានទស្សនកិច្ចទៅទីក្រុងមូស្គូ រយៈពេលពីរថ្ងៃដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-រុស្ស៊ីលើកទី២២ បានសម្តែងការសោកស្ដាយយ៉ាងខ្លាំងរបស់ខ្លួនទៅកាន់លោក ពូទីន ចំពោះការស្លាប់របស់កុមារស្លូតត្រង់ បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមទៅលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគីវ ហើយលោក ម៉ូឌី បានប្រាប់លោក ពូទីន ថា «សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានទេ»។

ការលើកឡើងរបស់សេតវិមានបានធ្វើឡើងខណៈដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) គ្រោងនឹងជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskyy) នៅរសៀលថ្ងៃព្រហស្បតិ៍ (១១ កក្កដា) ស្អែកនេះ។
យោងតាមលោកស្រី ហ្សង់ព្យែរ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅមុនសម័យប្រជុំក្រុមប្រឹក្សាណាតូ-អ៊ុយក្រែន។ ជំនួបនោះនឹងក្លាជាការជួបគ្នាលើកទីបីរវាងលោក Biden និងលោក Zelenskyy ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕
