បណ្ដាមេដឹកនាំនៃប្រទេសសមាជិកណាតូ (NATO) មួយចំនួនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងផ្តល់ដល់ប្រទេសអ៊ុយក្រែន នូវប្រព័ន្ធការពារដែនអាកាសចំនួនប្រាំបន្ថែមទៀត រួមទាំងថ្មអាគុយមីស៊ីលផាទ្រីយ៉ូត (Patriot) និងសមាសធាតុផ្សំរបស់មីស៊ីលនេះ។

ពួកគេបានបន្ថែមថា ក្នុងប៉ុន្មានខែខាងមុខនេះ ពួកគេមានបំណងផ្តល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសយុទ្ធសាស្ត្ររាប់សិបគ្រឿងបន្ថែមទៀត។ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានធ្វើសេចក្តីប្រកាសនៅក្នុងសុន្ទរកថានៅឯកិច្ចប្រជុំកំពូលរបស់ណាតូ ហើយក្រោយមក សេចក្តីថ្លែងការណ៍រួមមួយត្រូវបានចេញដោយបណ្ដាមេដឹកនាំនៃសហរដ្ឋអាមេរិក ហូឡង់ រ៉ូម៉ានី អ៊ីតាលី អាល្លឺម៉ង់ និងអ៊ុយក្រែន។

អ៊ុយក្រែន បានអំពាវនាវម្តងហើយម្តងទៀតឱ្យដៃគូផ្តល់ជំនួយបន្ថែមទៀតលើការការពារដែនអាកាស ខណៈប្រទេសនេះប្រឈមមុខនឹងការវាយប្រហារពីរុស្ស៊ី លើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយលោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយថា កង្វះសព្វាវុធនេះកំពុងធ្វើឱ្យរុស្ស៊ី មានប្រៀបក្នុងសមរភូមិ។

អ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានវាយប្រហារដោយមីស៊ីលលើមន្ទីរពេទ្យកុមារសំខាន់នៅទីក្រុងគីវ កាលពីថ្ងៃចន្ទ ហើយបានបាញ់មីស៊ីលជាច្រើនទៅលើទីក្រុងផ្សេងទៀតនៅទូទាំងប្រទេស ដោយបានសម្លាប់ជនស៊ីវិលជាង ៤០ នាក់ ហើយនោះបង្ហាញថា អ៊ុយក្រែនកំពុងត្រូវការអាវុធជាបន្ទាន់។ ទីក្រុងមូស្គូ បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ៕