ប្រមុខអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (១០ កក្កដា) នេះថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតភាគខាងជើងប្រទេសហ្វីលីពីន ក្នុងដំណើររបស់ខ្លួនដើម្បីទៅធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក ខណៈក្រុងតៃប៉ិ បានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿងបានចូលរួមជាមួយនាវានោះដើម្បីធ្វើសមយុទ្ធ។

កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន រក្សាការឃ្លាំមើលយ៉ាងជិតស្និទ្ធលើចលនារបស់ចិនដោយសារសកម្មភាពយោធាប្រចាំថ្ងៃជុំវិញកោះ។ ប្រភពសន្តិសុខមួយ ដែលដឹងពីការដាក់ពង្រាយរបស់ចិននៅក្នុងតំបន់បានប្រាប់សារព័ត៌មានរ៉យទ័រថា អាកាសធាតុល្អនៃខែរដូវក្តៅនេះ គឺជាពេលដែលចិនធ្វើសមយុទ្ធជាទម្លាប់ ប៉ុន្តែបានបញ្ជាក់ពីការកើនឡើង «មិនធម្មតា» នៅក្នុងការចល័តថ្មីៗនេះ។

អាជ្ញាធរការពារជាតិតៃវ៉ាន់និយាយថា ចាប់ពីព្រឹកព្រលឹមថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៣៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 និងយន្តហោះទម្លាក់គ្រាប់បែក H-6 ដែលមានសមត្ថភាពនុយក្លេអ៊ែរ បានហោះហើរទៅកាន់ភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយឆ្ពោះទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាសានតុង។

យោធាហ្វីលីពីនបាននិយាយថា ខ្លួនមានការព្រួយបារម្ភខ្លាំងណាស់ចំពោះការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចិននេះ។ កាលពីល្ងាចថ្ងៃអង្គារ កងកម្លាំងស្វ័យការពាររបស់ជប៉ុនបាននិយាយថា ពួកគេបានរកឃើញនាវា សានតុង រួមជាមួយនឹងនាវាពិឃាតមីស៊ីលពីរគ្រឿង និងនាវាចម្បាំងមួយគ្រឿងចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ ភាគខាងត្បូងនៃកោះ អូគីណាវ៉ា (Okinawa) របស់ខ្លួន៕