ទិន្នន័យបឋមពីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គិភ័យបានបង្ហាញកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ថា ចំនួនអ្នកជំងឺបញ្ជូនទៅមន្ទីរពេទ្យ ដោយសារជំងឺក្ដៅខ្លាំងពេក ឬសុរិយរោគ ក្នុងសប្តាហ៍នេះ បានកើនឡើងបួនដងធៀបនឹងសប្តាហ៍មុន ខណៈសីតុណ្ហភាពក្ដៅខ្លាំងឡើងដល់៤០ អង្សាសេនៅក្នុងទីក្រុងមួយចំនួន ស្របពេលមានរលកកម្ដៅក្ដៅខ្លាំង។

ក្នុងអំឡុងពេលនោះ មនុស្សចំនួន៩.១០៥នាក់ បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់សម្រាប់ករណីការសង្ស័យថាមានជំងឺសុរិយរោគនៅទូទាំងប្រទេស ដែលច្រើនជាងពីរដងនៃចំនួន ក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។
អ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើង ទៅមានចំនួន ៥.៣៧៨ នាក់ ស្មើនឹង ៥៩,១ នៃចំនួនសរុប។
ស្ថានភាពក្តៅ និងសំណើមនៅពីក្រោយការស្លាប់ថ្មីៗមួយចំនួននៅក្នុងប្រទេសជប៉ុន បានជំរុញអ្នកស្រុកឱ្យប្រើប្រាស់ "ជម្រកត្រជាក់" ថ្មីដែលបានបង្កើតឡើងនៅជុំវិញរដ្ឋធានីកាលពីថ្ងៃអង្គារ ៩ កក្កដារួមទាំងនៅកន្លែងទេសចរណ៍ដ៏ពេញនិយម Tokyo Tower ។វិធានការនេះបានធ្វើឡើងខណៈអ្នកស្លាប់ដោយសារអាកាសធាតុក្ដៅខ្លាំងបានកើនឡើងដល់៦នាក់ ។

ក្រុមអាជ្ញាធរក្នុងប្រទេសជប៉ុនបានព្រមានកាលពីថ្ងៃអង្គារចំពោះហានិភ័យនៃជំងឺសុរិយរោគ នៅទីក្រុងតូក្យូ និងតំបន់នានានៅភាគខាងកើត និងខាងលិច ហើយបានជំរុញឱ្យប្រជាជនជៀសវាងការហាត់ប្រាណ ខណៈរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា មនុស្សមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងនោះខ្លះបានស្លាប់ ដោយសាររោគសញ្ញានៃជំងឺសុរិយរោគក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕