ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនអាចស្មានទុកជាមុនបានទេថា លោក Donald Trump នឹងធ្វើអ្វី ប្រសិនបើលោកជាប់ឆ្នោតអាណត្តិទីពីរ ជាប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងខែវិច្ឆិកា ហើយ លោកពុំបានស្គាល់លោក Trump ច្បាស់នោះទេ ប៉ុន្តែសង្ឃឹមថា ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះទីក្រុងគីវ នឹងមិនផ្លាស់ប្តូរ។

លោក Zelenskiy បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅវិទ្យាស្ថាន Ronald Reagan ក្នុងទីក្រុង Washington DC ថា លោកមិនស្គាល់លោក Trump ច្បាស់ទេ។ លោក បានជួបជាមួយលោក Trump ហើយមានជំនួបល្អនៅពេលលោកជាប្រធានាធិបតី ប៉ុន្តែពួកយើងមិនបានឆ្លងកាត់សង្រ្គាមជាមួយលោក។

លោកនិយាយថា លោកមិនអាចប្រាប់បានទេថា លោក Trump នឹងធ្វើអ្វីប្រសិនបើលោកនឹងក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។
លោក Zelenskiy បានជំរុញឱ្យមេដឹកនាំនយោបាយសហរដ្ឋអាមេរិកនៅក្នុងទីក្រុងវ៉ាស៊ីនតោន កុំរង់ចាំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ដើម្បីដំណើរការជួយប្រទេសរបស់លោកប្រឆាំងការឈ្លានពានរបស់រុស្ស៊ី។
លោក Zelenskiy និយាយថា មនុស្សគ្រប់គ្នា កំពុងរង់ចាំខែវិច្ឆិកា។ ជនជាតិអាមេរិក កំពុងរង់ចាំខែវិច្ឆិកា នៅអឺរ៉ុប មជ្ឈិមបូព៌ា នៅតំបន់ប៉ាស៊ីហ្វិក និងនៅពិភពលោកទាំងមូល កំពុងទន្ទឹងរង់ចាំខែវិច្ឆិកា ហើយនិយាយតាមពិតទៅ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏រង់ចាំខែវិច្ឆិកាដែរ។
ដល់ពេលត្រូវ ធ្វើការសម្រេចចិត្តឲ្យមុតមាំ ធ្វើសកម្មភាពកុំរង់ចាំខែវិច្ឆិកា ឬខែផ្សេងទៀត។