នាយករដ្ឋមន្ត្រីទើបតែងតាំងថ្មីរបស់ប្រទេសហៃទី លោក ហ្គារី ខន់នីល(Garry Conille) និងស្នងការការរបស់ប្រទេសហៃទី បានចុះពិនិត្យមន្ទីរពេទ្យធំបំផុតមួយរបស់ប្រទេស កាលពីថ្ងៃអង្គារ បន្ទាប់ពីអាជ្ញាធរ បាននិយាយថា ពួកគេដណ្តើមបានការគ្រប់គ្រងស្ថាប័នវេជ្ជសាស្ត្រមកវិញ ពីក្រុមជនអន្ធពាលប្រដាប់អាវុធ។

ស្នងការនគរបាលប្រទេសហៃទី លោកន័រមីលរ៉ាមូ(Normil Rameau) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នគរបាល ដណ្តើមបានការគ្រប់គ្រងមន្ទីរពេទ្យនៃសាកលវិទ្យាល័យហៃទីរបស់រដ្ឋ ដែលត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យទូទៅ នៅទីក្រុងព័រអូប្រាំង បន្ទាប់ពីការវាយប្រហារកើនឡើងជាច្រើនខែ ពីក្រុមប្រដាប់អាវុធ។

លោក Normil បាននិយាយថា ប្រជាជនហៃទី ភ្ញាក់ពីដំណេក នឹងមើលឃើញប្រតិបត្តិការ ដែលក្រុមចោរព្រៃត្រូវបានទប់ស្កាត់ ប៉ុន្តែលោកមិនបានទទួលសំណួរពីប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោក ត្រូវបានអមដំណើរដោយមន្រ្តីប្រទេសកេនយ៉ា លោក ហ្គត់ហ្វ្រេ អុតទុន(Godfrey Otunge) ដែលបាននិយាយថានគរបាលកេនយ៉ាគាំទ្រដោយអង្គការសហប្រជាជាតិ មានបំណងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរប្រទេសហៃទី ព្រមទាំងដៃគូក្នុងស្រុក និងអន្តរជាតិ ដែលមានបំណងកសាងប្រទេសហៃទីឡើងវិញ។
មន្ទីរពេទ្យនេះ ត្រូវបានក្រុមជនអន្ធពាលវាយបំផ្លាញ ដោយគ្រែមន្ទីរពេទ្យត្រូវបានបានរុះរើ ហើយកង្ហារពិដានធ្លាក់មកនៅលើកម្រាលឥដ្ឋ ផ្នែកខាងក្នុងនៃអគារបន្សល់ទុកដោយកម្ទេចកម្ទី។