បណ្ដាមេដឹកនាំនៅទូទាំងតំបន់ការ៉ាអ៊ីប (Caribbean) នៅតែកំពុងទូទាត់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបង្កឡើងដោយព្យុះអាត្លង់ទិកដំបូងបំផុតក្នុងកំណត់ត្រាដែលកើនឡើងដល់កម្រិតអតិបរមាប្រភេទទី៥ បន្ទាប់ពីព្យុះនេះបានបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅលើប្រទេសកោះហ្សាម៉ាអ៊ីក និងប្រជុំកោះនៃភាគខាងកើតតំបន់ការ៉ាអ៊ីប។

នាយករដ្ឋមន្ត្រីប្រទេសកោះ ហ្រ្គើណាដ លោក ឌីកខុន មីតឆែល (Dickon Mitchell) បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា «គ្មានការសង្ស័យទេ ដែលថាគ្រោះមហន្តរាយនេះនឹងជះឥទ្ធិពលធ្ងន់ធ្ងរទៅលើស្ថានភាពសេដ្ឋកិច្ចរបស់ ហ្រ្គើណាដ (Grenada)។ ការខាតបង់គឺអាចមានតម្លៃរាប់រយលានដុល្លារ ហើយនិងត្រូវចំណាយរាប់រយលានដុល្លារទៀតដើម្បីសាងសង់ឡើងវិញ»។

ជំនន់ទឹកភ្លៀង និងកម្ទទេចកម្ទីបានរារាំងការវាយតម្លៃផលប៉ះពាល់នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ដែលមានវិស័យកសិកម្មដំបូងគេបានរាយការណ៍អំពីការខូចខាតជាង ៦ លានដុល្លារ។ ទោះបីជាមានការបំភាយឧស្ម័នតិចតួចក៏ដោយ ក៏បណ្ដាប្រទេសការ៉ាអ៊ីបស្ថិតក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ ដែលកំពុងបង្កើនភាពញឹកញាប់ និងកម្រិតនៃព្យុះដ៏ខ្លាំងក្លា។

តំបន់នេះបានអំពាវនាវជាយូរមកហើយឱ្យមានសកម្មភាពបន្ថែមទៀតពីប្រទេសអ្នកមានទ្រព្យដែលបំពុលបរិស្ថាន ឱ្យគោរពការសន្យាអាកាសធាតុរបស់ពួកគេ និងពិចារណាលើការបន្ធូរបន្ថយបំណុល ប៉ុន្តែការផ្តល់ហិរញ្ញប្បទានទាក់ទងនឹងអាកាសធាតុ និងប្រាក់កម្ចី បានប្រមូលយកប្រាក់រាប់ពាន់លានដុល្លារត្រឡប់ទៅឱ្យប្រទេសអ្នកមានទាំងនោះវិញ៕