អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានពណ៌នាថា ជា «ភាពវឹកវរដ៏គ្រោះថ្នាក់» ដែលធ្វើឱ្យមានភាពច្របូកច្របល់ចំពោះបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែលទៅកាន់ពលរដ្ឋតំបន់ហ្កាហ្សា បណ្តាលឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា បុគ្គលិករបស់យើងមកពីការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានចាត់ទុកការជម្លៀសមនុស្សរាប់ពាន់នាក់នៅក្នុងទីក្រុងហ្កាហ្សា ថាជាភាពវឹកវរដ៏គ្រោះថ្នាក់។ ការភៀសខ្លួនចេញ ធ្វើតាមបទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល កាលពីពេលថ្មីៗនេះ ដែលណែនាំប្រជាជនឱ្យចាកចេញពីតំបន់។

លោក Dujarric បាននិយាយថាពលរដ្ឋតំបន់ហ្កាហ្សា បានភៀសខ្លួនក្នុងទិសដៅជាច្រើន ដោយមិនដឹងថាផ្លូវមួយណាដែលអាចមានសុវត្ថិភាពបំផុតនោះទេ។ ក្រោមការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែក មនុស្សជាច្រើនត្រូវបានជម្លៀសចេញ ដោយមានមនុស្សតិចណាស់ក្នុងចំណោមពួកគេ អាចនាំយកទ្រព្យសម្បត្តិរបស់ពួកគេទៅជាមួយបាន។ លោកនិយាយថា ជនស៊ីវិលនៅតំបន់ហ្កាហ្សា គួរតែត្រូវបានការពារ និងបំពេញតម្រូវការជាមូលដ្ឋាន មិនថាពួកគេភៀសខ្លួនចេញ ឬស្នាក់នៅនោះទេ។ អ្នកដែលចាកចេញ ត្រូវតែមានពេលគ្រប់គ្រាន់ ព្រមទាំងផ្លូវនិងទីកន្លែង មានសុវត្ថិភាពដើម្បីទៅកាន់ទីនោះ។
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានព្រមានថាអរិភាពដ៏សកម្មនៅក្នុងតំបន់កំពុងរារាំងអង្គការផ្តល់ជំនួយ មិនឲ្យចូលទៅកាន់ឃ្លាំង។ ពួកគេមិនអាចស្តុកជំនួយ ផ្គត់ផ្គង់ឡើងវិញ ឬវាយតម្លៃពីតម្រូវការរបស់ប្រជាជនបានទេ។ ក្រុមអង្គការមនុស្សធម៌ បាននិយាយថា ហាងនំប៉័ងធំបំផុតដែលគាំទ្រដោយអង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ស្ថិតក្នុងចំណោមហាងដែលត្រូវបានបង្ខំឱ្យបិទទ្វារ បន្ទាប់ពីបទបញ្ជាជម្លៀសចុងក្រោយ ហើយបរិមាណម្សៅ ស្ករ និងមេសម្រាប់ធ្វើនំ ដ៏ច្រើន ត្រូវបានរំពឹងថានឹងបាត់បង់។