
អាជ្ញាធរបានប្រាប់ឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លា បានវាយលុកតំបន់ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់ ស្លាប់ និងរំខានដល់សេវាកម្មរថភ្លើង។
ផ្នែកខ្លះនៃខេត្ត Jeolla ខាងជើង បានជួបនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងដែលចាប់ផ្តើមនៅព្រឹកថ្ងៃពុធនេះ។ ទីក្រុង Gunsan ដែលមានចម្ងាយ ១៧៨គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល មានភ្លៀងធ្លាក់កម្រិត ១៣១,៧មីលីម៉ែត្រ ក្នុងរយៈពេល ១ម៉ោង ពោលគឺរហូតដល់ម៉ោង ២:៤២ព្រឹក ម៉ោងក្នុងស្រុក ដែលធ្វើឲ្យវាក្លាយជាការធ្លាក់ភ្លៀងខ្លាំងបំផុត រយៈពេល ១ម៉ោង ក្នុងកំណត់ត្រាផ្លូវការទូទាំងប្រទេស។

ទឹកភ្លៀងក្នុងមួយម៉ោង មានជាង ១០ភាគរយនៃទឹកភ្លៀងប្រចាំឆ្នាំជាមធ្យមរបស់ទីក្រុង ដែលមានកម្រិត ១.២៤៦មីលីម៉ែត្រ។ មន្ត្រីភ្នាក់ងារអាកាសធាតុបាននិយាយថា៖ «នេះគឺជាកម្រិតនៃភាពធ្ងន់ធ្ងរដែលធ្លាប់ត្រូវបានឃើញម្តង ក្នុងរយៈពេលប្រហែល ២០០ឆ្នាំ»។
ភ្លៀងធ្លាក់ក្នុងកម្រិតដ៏ខ្លាំងក្លានេះ ក៏បានកើតមាននៅផ្នែកខ្លះនៃខេត្ត Chungcheong ខាងត្បូង ដោយទីក្រុង Seocheon ដែលមានចម្ងាយ ១៦៦គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានកត់ត្រាភ្លៀងធ្លាក់កម្រិត ១១១,៥មីលីម៉ែត្រ ក្នុង ១ម៉ោង នាពេលព្រឹកព្រលឹម។ ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការ ដើម្បីជួយដល់ជនរងគ្រោះ នៅតំបន់ទាំងនោះ។
គួរបញ្ជាក់ថា ខែកក្កដា គឺជារដូវមូសុងប្រចាំឆ្នាំក្នុងប្រទេសនេះ ប៉ុន្តែអាកាសធាតុក្ដៅខ្លាំង ក្នុងខែក្តៅ រយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ត្រូវបានជួបប្រទះជាញឹកញាប់ ដែលលោកប្រធានាធិបតី Yoon Suk-yeol បាននិយាយថា គួរតែមានចំណែករួមពីបម្រែបម្រួលអាកាសធាតុ៕