
កងពលតូច Al-Qassam ដែលជាក្រុមប្រដាប់អាវុធនៃចលនាតស៊ូឥស្លាម (ហាម៉ាស) កាលពីថ្ងៃអង្គារបានអះអាងថា យុទ្ធជនរបស់ខ្លួន បានសម្លាប់ទាហានអ៊ីស្រាអែលជាច្រើននាក់ នៅតាមទីតាំងផ្សេងៗ ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច al-Qassam បាននិយាយថា យុទ្ធជនរបស់ខ្លួន បានកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែល ដែលបានវាយប្រហារទៅលើផ្ទះមួយខ្នង ក្នុងសង្កាត់ Shuja'iyya ជាមួយនឹងគ្រាប់ផ្លោង ហើយបានប៉ះទង្គិចដោយផ្ទាល់ជាមួយទាហានអ៊ីស្រាអែល។

សេចក្តីថ្លែងការណ៍នោះ បាននិយាយថា នៅពេលដែលទាហានអ៊ីស្រាអែលកាន់តែច្រើន ត្រូវបានបញ្ជូនទៅកាន់កន្លែងនោះ ដើម្បីជម្លៀសអ្នកស្លាប់ និងរបួស ក្រុមយុទ្ធជនហាម៉ាស បានបាញ់ឧបករណ៍បំផ្ទុះប្រឆាំងមនុស្សទៅលើពួកគេ។
កងពលតូច al-Qassam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅក្នុងសង្កាត់ Tal al-Hawa នៅភាគនិរតីនៃទីក្រុងហ្កាហ្សា ក្រុមយុទ្ធជនហាម៉ាស បានកំណត់គោលដៅលើកងកម្លាំងអ៊ីស្រាអែលមួយផ្សេងទៀតនៅខាងក្នុងផ្ទះមួយដោយគ្រាប់ផ្លោង ដោយបណ្តាលឲ្យទាហានអ៊ីស្រាអែលស្លាប់ និងរងរបួសជាច្រើននាក់។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ទាហានអ៊ីស្រាអែលម្នាក់ ត្រូវបានវាយប្រហារដោយផ្ទាល់ពី អ្នកបាញ់ស៊ីបរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឧស្សាហកម្មនៃសង្កាត់ Tal al-Hawa។
សេចក្តីថ្លែងការណ៍ បាននិយាយថា ក្រុមយុទ្ធជនហាម៉ាស បានបំផ្ទុះឧបករណ៍បំផ្ទុះប្រឆាំងមនុស្សទៅលើ ទាហានអ៊ីស្រាអែលដែលកំពុងប្រមូលផ្តុំគ្នា នៅជិតប៉ម Riyadh ក្នុងសង្កាត់ Tal al-Hawa ភាគខាងលិច ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់។