
ក្រុមហ៊ួទីនៅប្រទេសយេម៉ែនកាលពីថ្ងៃអង្គារ បាននិយាយថា ពួកគេបានវាយប្រហារនាវាចំនួនបីគ្រឿង ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល នៅក្នុងសមុទ្រអារ៉ាប់និងឈូងសមុទ្រ Aden។
លោក Yahya Sarea អ្នកនាំពាក្យក្រុមហ៊ួទី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ ដែលផ្សាយដោយទូរទស្សន៍ al-Masirah TV គ្រប់គ្រងដោយក្រុមហ៊ួទី។
លោក Sarea បាននិយាយថា ប្រតិបត្តិការលើកដំបូង«បានកំណត់គោលដៅលើនាវាអាមេរិក Maersk Sentosa នៅក្នុងសមុទ្រអារ៉ាប់ ជាមួយនឹងមីស៊ីលបាលីស្ទីក និងមីស៊ីលដែលមានស្លាប់ជាច្រើនគ្រប់។

លោកបានបន្តទៀតថា ប្រតិបត្តិការលើកទី២ «បានកំណត់គោលដៅលើនាវា Marthopolis នៅក្នុងសមុទ្រអារ៉ាប់ជាមួយនឹងយានដ្រូន ដោយសារតែក្រុមហ៊ុនដែលកាន់កាប់នាវានេះ បានចូលកំពង់ផែអ៊ីស្រាអែល។
លោកបានបញ្ជាក់ថា ប្រតិបត្តិការលើកទី៣ បានកំណត់គោលដៅទៅលើ «នាវាអ៊ីស្រាអែល MSC Patnaree នៅឈូងសមុទ្រ Aden ជាមួយនឹងយានដ្រូនជាច្រើនគ្រឿង ដោយបានបន្ថែមថា ប្រតិបត្តិការទាំងបីលើក បានសម្រេចគោលដៅរបស់ពួកគេដោយជោគជ័យ ហើយការបាញ់ប្រហារ គឺត្រូវធ្វើឡើងដោយផ្ទាល់ និងចំគោលដៅជាក់លាក់»។
លោកបាននិយាយថា៖«ប្រតិបត្តិការរបស់យើង នឹងមិនបញ្ឈប់ទេ រហូតដល់ការឈ្លានពានរបស់អ៊ីស្រា អែល និងការឡោមព័ទ្ធលើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានបញ្ឈប់។