
អាកាសយានដ្ឋានមួយ នៅរដ្ឋ Hawaii សហរដ្ឋអាមេរិក បានជម្លៀសមនុស្សចេញភ្លាមៗ បន្ទាប់ពីគ្រាប់បែកដៃអសកម្មចំនួន ២គ្រាប់ ត្រូវបានប្រទះឃើញនៅក្នុងវ៉ាលិសដៃរបស់បុរសជនជាតិជប៉ុនម្នាក់។
ក្រុមមន្ត្រីបានឲ្យមនុស្សចាកចេញពីស្ថានីយអ្នកដំណើររបស់ព្រលានយន្តហោះ កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) ខណៈពេលដែលក្រុមកម្ចាត់ការបំផ្ទុះគ្រាប់បែក បានចូលទៅពិនិត្យវត្ថុគួរឲ្យសង្ស័យនោះ ដែលត្រូវបានបង្ហាញដោយម៉ាស៊ីន X-ray។
នគរបាលរដ្ឋ Hawaii បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អាកាសយានដ្ឋានអន្តរជាតិ Hilo ត្រូវបានផ្អាកប្រតិបត្តិការមួយភ្លែត ក្នុងរយៈពេលជាងមួយម៉ោង»។

នគរបាលបានរាយការណ៍ថា ក្រុមកម្ចាត់គ្រាប់បែក «បានកំណត់វត្ថុទាំងនោះថា ជាគ្រាប់បែកដៃអសកម្ម» ដែលមានន័យថា វាមិនបង្កគ្រោះថ្នាក់នោះទេ។ កងកម្លាំងនគរបាលបានប្រាប់ថា បុរសជនជាតិជប៉ុនវ័យ ៤១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនពីបទ «គំរាមកំហែងភេរវកម្ម» ហើយនៅតែជាប់ឃុំខ្លួនដដែល៕