កាលពីថ្ងៃអង្គារម្សិលមិញ នាយករដ្ឋមន្រ្តីថ្មីអង់គ្លេសលោក Keir Starmer បាននិយាយថា លោកនឹងបន្តប្តេជ្ញាចិត្តបង្កើនការចំណាយលើវិស័យការពារជាតិដល់ ២,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP) ហើយលោកនឹងសម្រេចការងារមួយនេះ នៅក្នុងច្បាប់សារពើពន្ធរដ្ឋាភិបាលរបស់លោក បន្ទាប់ពីពិនិត្យមើលយុទ្ធសាស្រ្តការពារជាតិរួចមក ។
លោក Starmer ដែលបានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសកាលពីសប្តាហ៍មុន ក្រោយគណបក្សការងាររបស់លោក ឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីនោះ បានផ្តល់អនុសាសន៍បែបនេះ ភ្លាមៗមុនពេលលោកចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូនៅក្នុងទីក្រុងវ៉ាស៊ីងតោន សហរដ្ឋអាមេរិក ។
នាយករដ្ឋមន្រ្តីថ្មីអង់គ្លេសរូបនេះ បានបញ្ជាក់ឡើងវិញផងដែរការគាំសម្រាប់អ៊ុយក្រែន និងអង្គការណាតូ ហើយលោកបានធ្វើការថ្កោលទោសទាំងស្រុងចំពោះការវាយប្រហារដោយមីស៊ីលលើមន្ទីរពេទ្យកុមារកាលពីថ្ងៃចន្ទនៅទីក្រុងគីវ ។
លោក Starmer និយាយថា កិច្ចប្រជុំកំពូលអង្គការណាតូ គឺជាឱកាសឲ្យសម្ព័ន្ធមិត្តរួបរួមគ្នា ដើម្បីពង្រឹងដំណោះស្រាយរបស់ពួកគេ ជាពិសេសនៅក្រោយការវាយប្រហារលើមន្ទីរពេទ្យកុមារនៅទីក្រុងគីវ ។
លោកបន្តថា លោករីករាយនឹងបញ្ជាក់ឡើងវិញពីការគាំទ្រដ៏រឹងមាំរបស់គណបក្សការងារចំពោះអង្គការណាតូ ។ ពួកយើងគឺជាសមាជិកស្ថាបនិក ហើយឥឡូវវាគឺជាខួបលើកតី ៧៥នៃការបង្កើតអង្គការមួយនេះ ប៉ុន្តែវាក៏ជាឱកាសផងដែរ ដើម្បីបង្ហាញសារពាក់ព័ន្ធនឹងការវាយលុករបស់រុស្ស៊ី នៅអ៊ុយក្រែន ៕