ប្រធានាធិបតីឡាតវី លោក Edgars Rinkevics បាននិយាយថា ការចំណាយលើវិស័យការពារជាតិរបស់ប្រទេសលោក ត្រូវបានរំពឹងថា នឹងលើសការគ្រោងទុក នៅឆ្នាំនេះ។
ជាមួយគ្នានេះ មេដឹកនាំនៃរដ្ឋបាល់ទិកមួយនេះ បានជំរុញឲ្យសម្ព័ន្ធមិត្តអឺរ៉ុបបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ ដើម្បីសម្រេចបាននូវគោលដៅ ដែលបានកំណត់ដោយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO)។
លោក Rinkevics បានប្រាប់សារព័ត៌មាន CNA នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះថា ប្រទេសឡាតវីនឹងចំណាយប្រហែល ៣ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន ក្នុងឆ្នាំ២០២៤ ដើម្បីពង្រឹងដល់សមត្ថភាពការពារជាតិ ដែលខ្ពស់ជាងថវិកាគ្រោងទុកដំបូងចំនួន ២,៤ភាគរយ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសនៅអឺរ៉ុបខាងជើងបានចំណាយច្រើនជាង ១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ២,៣ភាគរយនៃ GDP របស់ខ្លួន លើវិស័យការពារជាតិ។
លោក Rinkevics បាននិយាយថា សមាជិករបស់អង្គការណាតូ ត្រូវតែប្តេជ្ញាចិត្តចំណាយយ៉ាងហោចណាស់ ២ភាគរយនៃ GDP របស់ពួកគេ លើវិស័យការពារជាតិ ដើម្បីឲ្យស្របតាមគោលការណ៍ណែនាំរបស់ប្លុកនេះ។
សូមបញ្ជាក់បន្ថែមថា បណ្ដារដ្ឋរបស់អង្គការណាតូ ក្នុងឆ្នាំ២០១៤ បានព្រមព្រៀងបង្កើនការចំណាយ ក្នុងវិស័យយោធា នៅឆ្នាំ២០២៤ នេះ ដើម្បីជួយធានាដល់ការត្រៀមខ្លួនខាងយោធារបស់សម្ព័ន្ធមិត្ត។ ហើយចំណាត់ការ ក្នុងការពង្រឹងថវិកាការពារជាតិនេះ បានកើតឡើងបន្ទាប់ពីការបញ្ចូលដែនដីគ្រីម៉េជាឧបសម្ព័ន្ធរបស់រុស្ស៊ី នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ហើយបញ្ហានេះត្រូវបានមើលឃើញថា ជារឿងបន្ទាន់កាន់តែខ្លាំងឡើងៗ បន្ទាប់ពីមានការលុកលុយយ៉ាងពេញទំហឹងរបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕