
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន (MOFCOM) កាលពីថ្ងៃពុធ បានចាប់ផ្តើមការស៊ើបអង្កេតរបាំងពាណិជ្ជកម្ម និងការវិនិយោគ លើការអនុវត្តពាក់ព័ន្ធដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប (EU) នៅក្នុងការស៊ើបអង្កេតលើប្រាក់ឧបត្ថម្ភបរទេសរបស់ខ្លួន។
ការស៊ើបអង្កេតនេះ ត្រូវបានផ្តួចផ្តើមឡើងតាមសំណើរបស់សភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញគ្រឿងម៉ាស៊ីន និងផលិតផលអេឡិចត្រូនិក ដែលលក្ខខណ្ឌ និងឯកសារស្នើសុំ ត្រូវបានផ្ទៀងផ្ទាត់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន( MOFCOM)។

ក្រោមបទប្បញ្ញត្តិឧបត្ថម្ភធនបរទេសរបស់ខ្លួន សហភាពអឺរ៉ុប បានធ្វើការស៊ើបអង្កេតបឋម ស៊ីជម្រៅ និងវាយឆ្មក់ទៅលើក្រុមហ៊ុនចិនដែលពាក់ព័ន្ធក្នុងវិស័យដូចជា ក្បាលរថភ្លើង ម៉ាស៊ីនភ្លើង ថាមពលខ្យល់ និងឧបករណ៍ត្រួតពិនិត្យសន្តិសុខ។ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថា ការអនុវត្តរបស់សហភាពអឺរ៉ុបក្នុងការស៊ើបអង្កេតបែបនេះ នឹងត្រូវបានពិនិត្យ។
ក្រសួងបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់ខ្លួន នឹងរួមបញ្ចូលការស្ទង់មតិ សវនាការ និងសកម្មភាពនៅនឹងកន្លែង ដើម្បីប្រមូលព័ត៌មានពីគ្រប់ភាគីពាក់ព័ន្ធ។
ខណៈពេលដែលការស៊ើបអង្កេត គ្រោងនឹងបញ្ចប់ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៥ វាអាចបន្តដល់ថ្ងៃទី ១០ ខែមេសា ក្រោមកាលៈទេសៈពិសេស។ យោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន។