អ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បានជំរុញឱ្យសម្ព័ន្ធមិត្តអង្គការណាតូ (NATO) ដកការរឹតបន្តឹងលើការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់ខ្លួនប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដោយនិយាយថានោះនឹងជា «ការផ្លាស់ប្តូរដ៏ធំ» នៅក្នុងស្ថានភាពសង្រ្គាមរបស់ខ្លួនជាមួយទីក្រុងមូស្គូ។

នៅមុននោះ លោកប្រធានាធិបតី វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវដល់សម្ព័ន្ធមិត្តឱ្យរក្សាការគាំទ្ររបស់ពួកគេចំពោះអ៊ុយក្រែន ហើយបាននិយាយថា ជំនួយថ្មីត្រូវតែត្រូវបានផ្តល់ឱ្យយ៉ាងឆាប់រហ័ស។

ប្រធានគណរដ្ឋមន្រ្តីអ៊ុយក្រែន លោក អាន់ឌ្រី យើម៉ាក (Andryi Yermak) បានប្រាប់វេទិកាសាធារណៈមួយថា រុស្ស៊ី មិនមានការរឹតបន្តឹងលើការប្រើប្រាស់អាវុធទេ ហើយវានឹងក្លាយជា «វិធានការផ្លាស់ប្ដូរស្ថានភាពសង្រ្គាម» ប្រសិនបើសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន អាចដកការរឹតបន្តឹងទាំងអស់លើការប្រើប្រាស់អាវុធដែលពួកគេផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
សមាជិកណាតូ បានអនុវត្តវិធីសាស្រ្តផ្សេងៗគ្នាចំពោះមធ្យោបាយដែលអ៊ុយក្រែនអាចប្រើប្រាស់អាវុធដែលពួកគេផ្ដល់ឱ្យ។ អ្នកខ្លះបានបញ្ជាក់យ៉ាងច្បាស់ថាទីក្រុងគីវ អាចប្រើប្រាស់អាវុធទាំងនោះទៅវាយប្រហារគោលដៅជ្រៅៗចូលក្នុងរុស្ស៊ី ខណៈសហរដ្ឋអាមេរិក បានប្រើវិធីសាស្រ្តតូចចង្អៀតជាងនេះ ដោយអនុញ្ញាតឱ្យអាវុធរបស់ខ្លួនប្រើតែនៅខាងក្នុងព្រំដែនរបស់រុស្ស៊ី ប្រឆាំងនឹងគោលដៅដែលគាំទ្រប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែនប៉ុណ្ណោះ៕