មេធាវីរបស់លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ (១១ កក្កដា) បាននិយាយថា រដ្ឋអាជ្ញានៅទីក្រុង មែនហាតថាន (Manhattan) បានពឹងផ្អែកដោយមិនត្រឹមត្រូវលើភស្តុតាងនៃសកម្មភាពផ្លូវការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ក្នុងការផ្តន្ទាទោសលោកលើបទព្រហ្មទណ្ឌ ដែលផ្តើមចេញពីប្រាក់បំបិទមាត់ឱ្យតារាអាសអាភាសម្នាក់។

នៅក្នុងឯកសារតុលាការចុះថ្ងៃទី១០ ខែកក្កដា ប៉ុន្តែត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍ មេធាវីការពារក្តីនិយាយថា សាលក្រមមានទោសកាលពីថ្ងៃទី៣០ ខែឧសភា គួរតែត្រូវបានលុបចោល បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតី។
ពួកគេបាននិយាយថា ភ័ស្តុតាងនៃទង្វើផ្លូវការដែលត្រូវបានបង្ហាញដោយមិនត្រឹមត្រូវដល់គណៈវិនិច្ឆ័យទាំងនោះរួមមាន ការសន្ទនារបស់លោក Trump ជាមួយអតីតជំនួយការសេតវិមាន លោកស្រី ហូប ហ៊ីកស៍ (Hope Hicks) និងការបង្ហោះតាមបណ្ដាញសង្គម ធ្វីតធឺ (Twitter) មួយចំនួនរបស់លោក Trump នៅពេលលោកកាន់តំណែងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
លោកចៅក្រម ហ័ន មើឆាន (Juan Merchan) ក្នុងខែនេះបានពន្យារពេលការកាត់ទោសរបស់លោក Trump ទៅពីរខែខាងមុខ បន្ទាប់ពីមេធាវីការពារក្តីនិយាយថា សេចក្តីសម្រេចថ្ងៃទី០១ ខែកក្កដា របស់តុលាការដែលថាប្រធានាធិបតីមិនអាចប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌលើសកម្មភាពផ្លូវការ មានន័យថារដ្ឋអាជ្ញាមិនគួរលើកយកភស្តុតាងក្នុងពេលលោក Trump កំពុងកាន់តំណែងនៅសេតវិមាន មកក្នុងការកាត់ក្តីឡើយ។
សេចក្តីសម្រេចរបស់តុលាការកំពូលបាននិយាយថា ភ័ស្តុតាងនៃទង្វើផ្លូវការរបស់ប្រធានាធិបតីមិនអាចប្រើក្នុងការកាត់ក្តីលើបញ្ហាឯកជនបានទេ។ មេធាវីការពារក្តីរបស់លោក Trump បាននិយាយថា សេចក្តីសម្រេចនេះមានន័យថា សាលក្រមរបស់គណៈវិនិច្ឆ័យ មិនមានជំហរផ្លូវច្បាប់ឡើយ៕
