សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាច្រើន ដែលខ្លួនបាននិយាយថា ជាប់ទាក់ទងទៅនឹងអំពើហិង្សាលើជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ West Bank កាន់កាប់ដោយអ៊ីស្រាអែល ខណៈកំពុងជំរុញឱ្យរដ្ឋាភិបាលអ៊ីស្រាអែល មានចំណាត់ការដើម្បីនាំយកអ្នកទាំងនោះមកទទួលខុសត្រូវ។

ទីក្រុងវ៉ាស៊ីនតោន បានកំណត់បុគ្គលអ៊ីស្រាអែលបីរូប និងអង្គភាពចំនួនប្រាំ រួមទាំងក្រុមស្តាំនិយមជ្រុល Lehava ដែលប្រឆាំងការបញ្ចូលលាយឡំជនជាតិជ្វីហ្វ ជាមួយអ្នកមិនមែនជនជាតិជ្វីហ្វ និងតវ៉ាប្រឆាំងពលរដ្ឋអារ៉ាប់ ដោយលើកឡើងពីបញ្ហាសាសនា និងសន្តិសុខជាតិ។
រដ្ឋបាលលោក Biden និយាយថា សមាជិករបស់ក្រុមស្តាំនិយម Lehava បានចូលរួមក្នុងសកម្មភាពអំពើហឹង្សាម្តងហើយម្តងទៀតប្រឆាំងពលរដ្ឋប៉ាឡេស្ទីន។ ស្ថាបនិក និងជាមេដឹកនាំរបស់ក្រុមនេះ លោក Ben-Zion Gopstein ត្រូវបានសហរដ្ឋអាមេរិកកំណត់កាលពីពេលមុន ហើយចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើក្រុមស្តាំនិយម Lehava នេះផងដែរ។

សហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើប៉ុស្តិ៍ជួរមុខទីតាំងទីលំគ្មានការអនុញ្ញាតចំនួនបួនកន្លែងនៅ តំបន់West Bank ដែលក្រសួងការបរទេសបាននិយាយថា ត្រូវបានគេផ្តល់អាវុធសម្រាប់ការបង្កអំពើហឹង្សាដើម្បីធ្វើឲ្យប្រជាជនប៉ាឡេស្ទីនភៀសខ្លួន។
អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកនៅតែមានការព្រួយបារម្ភខ្លាំង ជុំវិញអំពើហឹង្សាជ្រុលនិយម និងអស្ថិរភាព នៅក្នុងតំបន់ West Bank ដែលបំផ្លាញសន្តិសុខផ្ទាល់ខ្លួនរបស់អ៊ីស្រាអែល។