កំពង់ឆ្នាំង៖ ជនសង្ស័យជាម្ចាស់ឡានដឹកលៀសជាង៦០០ការ៉ុង នឹងត្រូវទទួលទោសចំនួន២ ក្រោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផល និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុករលាប្អៀរចាប់បាន កាលពីម៉ោង១១យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅចំណុចវត្តថ្នល់ ក្នុងភូមិថ្មកែវ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំងអោយដឹងនៅ១២ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោក ងិន ហ៊ុន បានបញ្ជាក់ថា៖ ជនសង្ស័យនេះ ត្រូវបានកម្លាំងចំរុះចាប់បាន មានចំនួន៣លើកហើយ ដោយពួកគេមិនព្រមរៀងចាលឡើយ ដែលលើកទី១និងទី២ គេប្រើលេខឡានកំពង់ឆ្នាំង3A-0591 តែចាប់បានលើកទី៣នេះគេប្រើឡានដដែលតែពាក់ផ្លាកលេខឡាន ភ្នំពេញ3A-5959 ទៅវិញ។ កាលពីខែមុន ជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចចាប់បាន២ដង តែក្នុងលើកទី១ពិន័យអន្តរកាល និងលើកទី២បានពិន័យទ្វេរដងពីលើកទី១ ។ តែការចាប់បានលើកនេះ ជាលើកទី៣ហើយ អ៊ីចឹងមានន័យថា ជនសង្ស័យដដែលនេះមិនព្រមរៀងចាល ដោយបានដឹកកូនលៀសតូចៗមិនគ្រប់អាយុ ក្នុងរដូវបិទនេសាទ បើទោះបីជាក្នុងរដូវបើកនេសាទក៏រដ្ឋបាលជលផលហាមឃាត់ដែរ។ ក្នុងករណីល្មើសលើកនេះ ត្រូវផាកពិន័យតាមច្បាប់ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតុលាការ ។ ដោយឡែកករណីទី២ ជនសង្ស័យបានយកផ្លាកលេខឡាន ភ្នំពេញ3A-5959 ម៉ាកFUSO ពណ៌ក្រហម ឆ្នាំផលិត១៩៩៤ មកពាក់លើឡានដដែលមានលេខ កំពង់ឆ្នាំង3A-0591 ឆ្នាំផលិត២០០១ ជាប្រភេទឡានដឹកទំនិញ ម៉ាកHYUNDAI មួយផ្សេងទៀត និងបានបាញ់ថ្នាំពណ៌ខៀវមុខឡានបំភ័ន្តភ្នែកសមត្ថកិច្ច ចូលមកដឹកលៀស ដែលករណីទី២នេះ ត្រូវជាប់ចោទក្នុងបទល្មើសចរាចរណ៍ «ក្លែងឯកសារសាធារណៈ» ក៏ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដែរ ដើម្បីចាត់ការអោយរៀងចាលម្តង។
ដោយឡែកផ្នែកមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងម្នាក់បានអោយដឹងថា៖ ការពាក់ព័ន្ធនឹងការយកផ្លាកលេខឡានដទៃមកដាក់ឡានមួយទៀត ដើម្បីចរាចរណ៍លើដងផ្លូវនេះ គឺពាក់ព័ន្ធនឹងបទល្មើស ក្លែងឯកសារសាធារណៈ ដែលត្រូវទទួលទោសក្នុងច្បាប់ចរាចរណ៍ផ្លូវគោក មាត្រាទី៧៨ និងទទួលទោសក្នុងបទល្មើសព្រហ្មទ័ណ្ឌមាត្រា៦៣០ ផងដែរ ។
ប្រជានេសាទលក្ខណៈគ្រួសារ បានសំណូមពរដល់សមត្ថកិច្ចចំរុះ មេត្តាជួយចំណាត់ការលើក្រុមជនកាវលៀសដោយម៉ាស៊ីនក្នុងផ្ទៃទន្លេសាបផង ដោយពួកក្រុមជនល្មើសទាំងនោះបានប្រើម៉ាស៊ីនកូរកកាយអោយខូចប្រព័ន្ធអេកូឡូស៊ីបាតទន្លេ ដាច់មងសន្ទូចប្រជានេសាទ ធ្វើអោយពុលត្រីជាដើម៕ ដោយ ៖ កាំង ហុងវាស្នា











