
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ស្ត្រីប្រហែល៨០០នាក់ បានស្លាប់ នៅទូទាំងពិភពលោក ជារៀងរាល់ថ្ងៃ ក្នុងពេលមានគត៌ និងសម្រាលកូន ដោយភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
លោក Guterres បានបង្ហាញតួលេខនេះ នៅក្នុងសាររបស់លោក នៅថ្ងៃ«ទិវាប្រជាជនពិភពលោក» ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែកក្កដា។
ប្រមុខអង្គការសហប្រជាជាតិ និយាយថា នៅឆ្នាំនេះគឺជាខួបលើកទី៣០នៃសន្និសីទអន្តរជាតិស្តីពីចំនួនប្រជាជន និងកម្មវិធីអភិវឌ្ឍន៍សកម្មភាព (ICPD) ហើយវាក៏ត្រូវតែជាឆ្នាំដែលយើងត្រូវដោះស្រាយដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែង និងវិនិយោគ ដើម្បីប្រែក្លាយការសន្យារបស់ខ្លួន ឱ្យក្លាយទៅជាការពិត។ លោក Guterres បាននិយាយដោយបញ្ជាក់ពីវឌ្ឍនភាពដែលបានធ្វើឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ចាប់តាំងពីកម្មវិធីនេះត្រូវបានអនុម័ត។

លោក Guterres និយាយថា ស្ត្រីកាន់តែច្រើនឡើងៗមានសិទ្ធិការពារក្នុងការពន្យារកំណើតបែបទំនើប ហើយការស្លាប់របស់មាតា បានធ្លាក់ចុះ៣៤ ភាគរយ ចាប់តាំងពីឆ្នាំ២០០០។
លោក Guterres បានព្រមានថា ប៉ុន្តែភាពរីកចម្រើនបែបនោះ គឺមិនស្មើភាពគ្នា និងមិនស្ថិតស្ថេរ ហើយ ជារឿងដ៏គួរឲ្យហួសចិត្ត ដែលក្នុងសតវត្សរ៍ទី២១នេះ ស្ត្រីប្រហែល៨០០នាក់ បានស្លាប់ក្នុងករណីដែលអាចការពារបានជារៀងរាល់ថ្ងៃក្នុងពេលមានផ្ទៃពោះ និងការសម្រាលកូន ដែលភាគច្រើននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Guterres និយាយថា ខណៈប្រធានបទនៃទិវាប្រជាជនពិភពលោកឆ្នាំនេះ «កុំទុកនរណាម្នាក់ចោល ត្រូវរាប់គ្រប់គ្នា» រំលឹកយើងថា ការវិនិយោគលើការប្រមូលទិន្នន័យ មានសារៈសំខាន់ក្នុងការយល់ដឹងអំពីបញ្ហា ដំណោះស្រាយការកែតម្រូវ និងការជំរុញវឌ្ឍនភាព ហើយវាគឺបញ្ហាហិរញ្ញវត្ថុ។