អ្នកនេសាទនៅក្នុងប្រទេសហ្វីលីពីន បានបន្តនេសាទនៅក្នុងដែនទឹកជម្លោះនានាក្នុងសមុទ្រចិនខាងត្បូង បើទោះបីជាចិន ដាក់ចេញច្បាប់ល្បាតដែនសមុទ្រថ្មីដ៏តឹងតែងរបស់ខ្លួនក៏ដោយ។ ច្បាប់ ដែលត្រូវបានអនុវត្តកាលពីមួយខែមុននោះ អនុញ្ញាតឱ្យឆ្មាំល្បាតឆ្នេរចិន ឃាត់ខ្លួននាវាបរទេស និងបុគ្គល ប្រសិនបើគេសង្ស័យថាពួកគេ «រំលោភបំពាន» លើដែនទឹករបស់ខ្លួន។

នៅឯដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) ក្នុងសមុទ្រចិនខាងត្បូង អ្នកនេសាទហ្វីលីពីនមួយចំនួនបានបន្តនេសាទនៅទីនោះ ខណៈបទប្បញ្ញត្តិថ្មីរបស់ចិន គំរាមចាប់ខ្លួនអ្នកបំពានដែនសមុទ្រ។

អ្ននេសាទម្នាក់បានប្រាប់សារព័ត៌មាន CNA ថា «ពេលខ្លះនៅពេលដែលយើងទៅជិតថ្មប៉ប្រះទឹក ស្កាបូរ៉ូ យើងត្រូវបានរារាំងដោយឆ្មាំល្បាតឆ្នេរចិន ហើយយើងត្រូវបានបង្ខំឱ្យចេញឆ្ងាយពីទីនោះ»។ លោកបន្ថែមថា «យើងមានការព្រួយបារម្ភខ្លាំងណាស់នៅពេលនេះ ដោយសារតែច្បាប់បំពានដែនសមុទ្រថ្មីរបស់ចិន។ ប៉ុន្តែឧបករណ៍រកត្រីរបស់យើងគឺនៅជិតដែនទឹកនោះ ដូច្នេះយើងត្រូវតែទៅទីនោះ»។
ផ្លូវទឹកយុទ្ធសាស្ត្រ ស្កាបូរ៉ូ ស្ហូល បានស្ថិតនៅចំកណ្តាលនៃជម្លោះដែនទឹករវាងហ្វីលីពីន និងចិន ហើយចិន បានគាំទ្រការទាមទារដ៏ធំធេងរបស់ខ្លួនជាមួយនឹងការល្បាតរបស់កងនាវាចរជាញឹកញាប់៕