
ក្រុមហ៊ួទីរបស់របស់ប្រទេសយេម៉ែន កាលពីថ្ងៃអាទិត្យ (១៤ កក្កដា) បាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាចំនួន២ គឺមួយនៅឈូងសមុទ្រ Aden និងមួយទៀតក្នុងតំបន់ទីក្រុងកំពង់ផែ Eilat នៅចុងភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ អ្នកនាំពាក្យយោធារបស់ក្រុមហ៊ួទី លោក Yahya Saree បាននិយាយថា ក្រុមនេះបានកំណត់គោលដៅលើនាវាអ៊ីស្រាអែល MSC UNIFIC នៅឈូងសមុទ្រ Aden ដោយប្រើមីស៊ីលបាលីស្ទិក និងយានដ្រូន ដែលបន្ថែមពីលើការវាយប្រហារគោលដៅយោធានៅតំបន់ទីក្រុងកំពង់ផែ Eilat ដោយប្រើប្រាស់យានដ្រូន។

លោក Saree បាននិយាយថា ប្រតិបត្តិការចុងក្រោយរបស់ក្រុមហ៊ួទីនេះ ត្រូវបានធ្វើឡើង ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis កាលពីថ្ងៃសៅរ៍ (ទី១៣ ខែកក្កដា) ពោលគឺជាការវាយប្រហារដែលបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់ ហើយ ៣០០នាក់ផ្សេងទៀតបានរងរបួស ដោយនេះជាតួលេខ ដែលត្រូវបានផ្ដល់ដោយក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ក្រុម Houthi ដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់ បាន និងកំពុងបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល នៅក្នុងផ្លូវដឹកជញ្ជូន ក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីខែវិច្ឆិកាមក ដោយការធ្វើបែបនេះ ត្រូវបានក្រុមឧទ្ទាមមួយនេះ និយាយថា ខ្លួនចង់បង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា៕