
ក្រសួងការពារជាតិរុស្ស៊ី និយាយនៅថ្ងៃចន្ទនេះថា ចិន និងរុស្ស៊ី បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា នៅកំពង់ផែយោធា ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសចិន ក្រោយសម្ព័ន្ធមិត្តអង្គការណាតូ បានចាត់ទុកទីក្រុងប៉េកាំងថាជាអ្នកជំរុញឲ្យមានសង្រ្គាមនៅប្រទេសអ៊ុយក្រែន ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធានេះ នឹងរួមបញ្ចូលការការពារដែនអាកាស សមយុទ្ធប្រឆាំងមីស៊ីល ការវាយ្រហារតាមសមុទ្រ ក៏ដូចជាសមយុទ្ធប្រឆាំងនាវាមុជទឹក ។

គេរំពឹងថា សមយុទ្ធយោធានេះ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែកក្កដាខាងមុខនេះ ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍កាលពីថ្ងៃអាទិត្យថា កាលពីពេលថ្មីៗកន្លងមកនេះ ក្បួននាវាកងទ័ពជើងទឹកចិន និងរុស្ស៊ីបានល្បាតសមុទ្ររួមគ្នាជាលើកទី ៤នៅតំបន់ភាគខាងលិច និងតំបន់ភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក ហើយប្រតិបត្តិការនេះ ពុំពាក់ព័ន្ធជាមួយស្ថានភាពអន្តរជាតិ និងក្នុងតំបន់នោះឡើយ ហើយក៏គ្មានគោលដៅលើភាគីទី ៣នោះដែរ ។
សមយុទ្ធយោធានេះដែរ បានធ្វើឡើងក្រោយភាពតានតឹងរបស់ចិនជាមួយក្រុមសម្ព័ន្ធមិត្តអង្គការណាតូ កាលពីសប្តាហ៍មុន ៕