លោក KP Sharma Oli ប្រធានបក្សកុម្មុយនិស្តនេប៉ាល់ បានស្បថចូលកាន់តំណែង នៅថ្ងៃចន្ទនេះ ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេប៉ាល់។ ប្រធានាធិបតី លោក Ram Chandra Poudel បានចាត់ចែងការធ្វើសច្ចាប្រណិធានចូលកាន់តំណែងដល់លោក Oli ដែលមានអាយុ៧២ឆ្នាំ។ នេះជាលើកទី៤ហើយសម្រាប់លោក ក្នុងការបន្តឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
លោក Kiran Pokharel អ្នកនាំពាក្យរបស់ប្រធានាធិបតីបាននិយាយថា ប្រធានាធិបតីបានចាត់ចែងការធ្វើសច្ចាប្រណិធានចំពោះនាយករដ្ឋមន្ត្រី KP Sharma Oli រួមជាមួយនឹងរដ្ឋមន្ត្រីចំនួន២១ រូប។
គណៈរដ្ឋមន្ត្រីដែលមានសមាជិកចំនួន២៥រូប ខ្វះរដ្ឋមន្ត្រីរដ្ឋចំនួនបីរូប។ លោក Oli ក្លាយជាប្រមុខរដ្ឋាភិបាលចម្រុះបួនភាគី ក្រោមកិច្ចព្រមព្រៀងដែលបានឈានដល់ជាមួយគណបក្ស Nepali Congress កាលពីយប់ថ្ងៃទី១ ខែកក្កដា។
លោក Pushpa Kamal Dahal បានបាត់បង់អាណត្តិដើម្បីបន្តកាន់អំណាចកាលពីថ្ងៃសុក្រ បន្ទាប់ពីចាញ់ការបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងសភា ហើយ Oli ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃអាទិត្យ។
ខណៈជាគណបក្សធំជាងគេនៅក្នុងសភាជាន់ទាប គណបក្ស Nepali Congress និងគណបក្ស កុម្មុយនិស្តនេប៉ាល់ (CPN-UML) បានព្រមព្រៀងទទួលយកតំណែងនាយករដ្ឋមន្ត្រី រហូតដល់ការបោះឆ្នោតសកលបន្ទាប់នៅឆ្នាំ២០២៧។
គ្មានគណបក្សណាមួយ បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាជាន់ទាបនៅក្នុងការបោះឆ្នោតសកល ដែលបានធ្វើឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះទេ។