
អ៊ីស្រាអែល បានបង្កើនការវាយប្រហារតំបន់ហ្កាហ្សាស្រ្ទីប តាមច្រកអាកាស សមុទ្រ និងជើងគោក ស្របពេលសង្រ្គាមនៅដែនដីប៉ាឡេស្ទីនមួយនេះ គ្មានសញ្ញានៃភាពធូរស្រាល ក្នុងនោះក្រុមហាម៉ាស់ និយាយថា ពួកគេបានដកខ្លួនចេញពីកិច្ចប្រជុំបទឈប់បាញ់ ។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា គ្រាប់កាំភ្លើងបានបាញ់ស្រោចដូចទឹកភ្លៀងនៅសង្កាត់ Tal Al-Hawa, Sheikh Ajlin និងសង្កាត់ Al-Sabra ស្ថិតក្នុងទីក្រុងហ្កាហ្សា ស្របពេលដែលសាក្សីនិយាយថា កងទ័ពអ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងលើតំបន់ Al-Mughraqa និងជំរំជនភៀសខ្លួននៅតំបន់ជាយក្រុងភាគខាងជើង Nuseiratស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សា ។
ក្រុមគ្រូពេទ្យមកពីក្រុមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន និយាយថា ពួកគេបានរកឃើញសាកសពមនុស្ស ៥នាក់ រួមទាំងកុមារ ៣នាក់ ក្រោយអ៊ីស្រាអែល វាយប្រហារជំរំ Al-Maghazi ស្ថិតនៅភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ។

ខណៈពេលនោះដែរ សាក្សី រាយការណ៍ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារតំបន់ភាគខាងកើតទីក្រុង Khan Younis ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា ហើយឧទ្ធម្ភាគចក្រវាយប្រហារតំបន់ភាគខាងលិចទីក្រុង Rafah ៕