
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃចន្ទ (ទី១៥ ខែកក្កដា) នេះ បាននិយាយថា លោកមានបំណងរៀបចំឲ្យបានរួចរាល់នូវចំណែករួមផ្សំទាំងអស់នៃផែនការសន្តិភាព ក្នុងខែវិច្ឆិកា ដើម្បីឲ្យទីក្រុងគីវ អាចបើកកិច្ចប្រជុំកំពូលអន្តរជាតិបន្ទាប់លើកទី២ ស្តីពីចក្ខុវិស័យរបស់លោក សម្រាប់សន្តិភាព។
គួរបញ្ជាក់ថា អ៊ុយក្រែនបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូង ក្នុងប្រទេសស្វីស កាលពីខែមុន ដែលមានការចូលរួមដោយតំណាងប្រទេសចំនួន ៩២ ប៉ុន្តែមិនមានវត្តមានរុស្ស៊ីទេ។ ទីក្រុងគីវបាននិយាយថា ខ្លួនអាចអញ្ជើញតំណាងពីប្រទេសរុស្ស៊ី សម្រាប់កិច្ចប្រជុំបន្ទាប់។
លោក Zelenskiy បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «ខ្ញុំបានកំណត់គោលដៅថា នៅក្នុងខែវិច្ឆិកា យើងនឹងមានផែនការរួចរាល់ទាំងស្រុង»។

លោក Zelenskiy បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងទីក្រុងគីវ បន្ទាប់ពីត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្តយោធាណាតូ។ គិតចាប់តាំងពីការលុកលុយពេញលេញរបស់រុស្ស៊ី វាមានរយៈពេលជាង ២៨ខែហើយ ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូ នឹងមិនចូលរួមកិច្ចប្រជុំកំពូលបន្ទាប់ទេ ទោះបីជាវិមានក្រឹមឡាំងមិនសូវជាបង្ហាញភាពដាច់អហង្ការក៏ដោយ និងបាននិយាយថា មិនមាន «ខ្លឹមសារច្បាស់លាស់« ទាក់ទងនឹងគំនិតនៃកិច្ចប្រជុំកំពូលលើកទី២៕