ដោយកំពុងប្រឈមការរិះគន់កាន់តែខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខដ៏ធំមួយ សេវាសម្ងាត់អាមេរិកកាលពីថ្ងៃចន្ទ ទី ១៥ ខែកក្កដា បានប្តេជ្ញាថា នឹងសហការជាមួយការពិនិត្យឡើងវិញដោយឯករាជ្យមួយ បន្ទាប់ពីអ្នកក្មាន់កាំភ្លើង បើកការបាញ់ប្រហារលើលោក Donald Trump ។

អតីតប្រធានាធិបតីវ័យ ៧៨ ឆ្នាំរូបនេះបានរងរបួសត្រចៀកខាងស្ដាំ ប៉ុន្តែបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតនៅឯការជួបជុំយុទ្ធនាការមួយក្នុងរដ្ឋ ផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន ជាការវាយប្រហារដ៏សាហាវដែលបានធ្វើឱ្យប្រទេសមួយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមុនការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ។

លោកស្រី គីមប៊ើលី ជីថល (Kimberly Cheatle) នាយកទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសម្ងាត់កំពុងធ្វើការជាមួយភ្នាក់ងារសហព័ន្ធ រដ្ឋ និងមូលដ្ឋានដែលពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងយល់ពីអ្វីដែលបានកើតឡើង របៀបដែលការបាញ់ប្រហារនេះបានកើតឡើង និងរបៀបដែលយើងអាចទប់ស្កាត់ឧបទ្ទវហេតុបែបនេះ កុំឱ្យកើតឡើងទៀត ។

លោកស្រី ជីថល បានបន្ថែមថា យើងយល់ពីសារៈសំខាន់នៃការត្រួតពិនិត្យឡើងវិញដោយឯករាជ្យដែលបានប្រកាសដោយលោកប្រធានាធិបតី Joe Biden កាលពីមួយថ្ងៃមុន ហើយនឹងចូលរួមយ៉ាងពេញលេញ ។
លោក Biden បានបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញឲ្យបានពេញលេញអំពីសន្តិសុខនៅឯការជួបជុំនេះ ក៏ដូចជានៅក្នុងសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋនៅសប្តាហ៍នេះ ក្នុងទីក្រុង មីលវ៉ូគី (Milwaukee) នៃរដ្ឋ វីសខុនស៊ីន (Wisconsin) ដែលលោក Trump បានក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សនេះជាផ្លូវការ៕