យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា លោកប្រធានាធិបតី Joe Biden កំពុងស្ថិតក្នុងដំណាក់កាលបរាជ័យក្នុងការទទួលបានការគាំទ្រផ្នែកពលកម្មរដ៏សំខាន់មួយ ខណៈបណ្ដាមេដឹកនាំនៃសហជីព ធីមស្ទ័រស៍ (Teamsters) ដែលមានសមាជិក ១,៣លាននាក់ ពិចារណាថាមិនគាំទ្របេក្ខជនណាម្នាក់នៅក្នុងការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក នាពេលខាងមុខនេះទេ។

ការសម្រេចចិត្តរបស់សហជីពអន្តរជាតិ ធីមស្ទ័រ (International Brotherhood of Teamsters) មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សហជីពធ្លាប់បានគាំទ្រលោក Biden ក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយការមិនគាំទ្រក្នុងឆ្នាំនេះនឹងធ្វើឱ្យប៉ះពាល់ផ្នែកនយោបាយដល់កិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះ។

ប្រភពបាននិយាយថា សហជីព Teamsters ទំនងជាមិនគាំទ្របេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump នោះទេ ប៉ុន្តែការបែកបាក់ផ្ទៃក្នុងយ៉ាងជ្រាលជ្រៅនេះមានន័យថា សហជីពអាចនឹងមិនគាំទ្របេក្ខជនណាមួយទាល់តែសោះ ហើយនេះជាលើកដំបូងហើយគិតចាប់តាំងពីឆ្នាំ១៩៩៦មក។

ចាប់តាំងពីការធ្វើមិនបានល្អក្នុងពេលជជែកដេញដោលប្រធានាធិបតី លោក Biden បានប្រឈមនឹងសម្ពាធពីសមាជិកសភា និងម្ចាស់ជំនួយមួយចំនួនដែលស្នើឱ្យលោកចាកចេញ ដោយបារម្ភពីសមត្ថភាពរបស់លោកថាមិនអាចបម្រើការងាររយៈពេល ៤ ឆ្នាំទៀតបាន។ សម្ព័ន្ធមិត្តមួយចំនួននិយាយថា ពួកគេជឿថាការប៉ុនប៉ងធ្វើឃាតលើលោក Trump កាលពីថ្ងៃសៅរ៍ អាចធ្វើឱ្យការអំពាវនាវទាំងនោះស្ងប់ស្ងាត់ ប៉ុន្តែសមាជិកបក្សប្រជាធិបតេយ្យផ្សេងទៀតមិនគិតដូច្នេះទេ៕