
អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោកស្រី Amina Mohammed កាលពីថ្ងៃច័ន្ទ បានជំរុញឱ្យមេដឹកនាំពិភពលោក បង្វែរធនធានពីសង្គ្រាមទៅរកសន្តិភាព និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ថ្លែងក្នុងនាមអគ្គលេខាធិការ លោក Antonio Guterres លោកស្រី Mohammed បានអំពាវនាវឱ្យមានសកម្មភាពភ្លាមៗ និងការសម្រេចចិត្តដើម្បីសង្គ្រោះគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ដែលកំពុងតែធ្លាក់ចុះ។
លោកស្រី បាននិយាយនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃវេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ថា ជម្លោះនៅតំបន់ហ្កាហ្សា ប្រទេសស៊ូដង់ អ៊ុយក្រែន និងហួសពីនេះ កំពុងបណ្តាលឱ្យបាត់បង់ជីវិតយ៉ាងច្រើន និងបានបង្វែរការយកចិត្តទុកដាក់ផ្នែកនយោបាយ និងធនធានដែលខ្វះខាត ពីការងារបន្ទាន់នៃការបញ្ចប់ភាពក្រីក្រ និងការទប់ស្កាត់គ្រោះមហន្តរាយអាកាសធាតុ។

លោកស្រីបានបញ្ជាក់ពី តម្រូវការកាត់បន្ថយថវិកាយោធា ហើយជំនួសមកវិញនូវមូលនិធិឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍។
លោកស្រី ក៏បានបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរបៃតង និងឌីជីថល ដោយជំរុញឱ្យប្រទេសនានា បង្កើនផែនការសកម្មភាពអាកាសធាតុនៅឆ្នាំ២០២៥ ដោយនៅត្រឹមដែនកំណត់ ១,៥ អង្សាសេ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងវិនិយោគក្នុងការពង្រីកទំនាក់ទំនងឌីជីថល។