បាល់ទាត់៖ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជាបានដំណើរការប្រកួតឡើងវិញហើយ បន្ទាប់ពីផ្អាក ៣សប្ដាហ៍ដោយសារបញ្ហាកូវីដ-១៩ ខណៈជំនូបបើកឆាកលីគត្រឡប់មកវិញនេះ ក្រុមភ្នំពេញក្រោនបានត្រឹមចែកគ្នា ១ពិន្ទុម្នាក់ជាមួយក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទុ (Tiffy Army) ប៉ុណ្ណោះក្រោយប្រកួតស្មើគ្នា ១-១ នៅកីឡដ្ឋាន Smart RSN កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

ជំនួបបង្គ្រប់សប្ដាហ៍ទី៦ នេះ ម្ចាស់ផ្ទះភ្នំពេញក្រោនបានបើកការនាំមុខក្រុមភ្ញៀវ ១គ្រាប់មុន ដោយការស៊ុតពីចម្ងាយរបស់កីឡាករ ប្រាក់ ធីវ៉ា នៅនាទីទី៨ បន្ទាប់ពីអ្នកចាំទី គង់ រ៉ាហ្វាត់ ព្យាយាមលោតទះបាល់មិនផុត។ ប៉ុន្ដែរំលងបានតែ ៣នាទី ខ្សែប្រយុទ្ធវ័យក្មេង ណារ៉ុង កក្កដា ក៏បានរកគ្រាប់ស្មើ ១-១ ឲ្យក្រុមកងយោធពលខេមរភូមិន្ទវិញភ្លាមៗ បន្ទាប់ពីរូបគេឆក់បានបាល់ពីការបញ្ជូនមិនល្អរបស់ខ្សែការពារ យ៉ើ មូស្លីម នៅនាទី១១។ បន្ទាប់ពីមានឱកាសស៊ុតបំប៉ោងសំណាញ់ទីគ្នា ១គ្រាប់ម្នាក់ ក្រុមទាំងពីរបានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមសិង្ហក្រហមភ្នំពេញក្រោនដែលបានព្យាយាមដាក់សម្ពាធ និងមានឱកាសស៊ុតជាច្រើនលើកតែធ្វើមិនបានសម្រេចឡើយ ក្រោយការសង្គ្រោះបាល់បានយ៉ាងល្អម្ដងហើយម្ដងទៀតពីអ្នកចាំទីវ័យក្មេង គង់ រ៉ាហ្វាត់ ខណៈក្រុម Tiffy Army ក៏មិនអាចស្វែងរកគ្រាប់បាល់បន្ថែមបានដែរ។

ដូច្នេះនេះគឺជាការប្រកួតស្មើលើកទី៤ របស់ក្រុមទាំងពីរក្នុងនោះ ៩ប្រកួតរបស់ក្រុមភ្នំពេញក្រោនគឺឈ្នះ ៥ និងស្មើ ៤ មិនទាន់ស្គាល់ចាញ់រកបាន ១៩ពិន្ទុ ស្មើក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៏ឈរលេខរៀងទី៥ បណ្ដោះអាសន្នចាញ់ប្រៀបក្រុមកំពូលតារាងវិសាខា ៣ពិន្ទុ តែភ្នំពេញក្រោននៅសល់ប្រកួតចំណេញក្នុងដៃ ១ប្រកួត។ រីឯ Tiffy Army ឆ្លងកាត់ ១០ប្រកួតឈ្នះ ៤ ស្មើ ៤ និងចាញ់ ២ រកបាន ១៦ពិន្ទុឈរលេខរៀងទី៧ បណ្ដោះអាសន្ន៕
អត្ថបទ៖ លី ឈុនឡា