ដោយសារតែរលកកម្តៅមួយផ្សេងទៀតក្នុងសប្តាហ៍នេះ ប្រទេសក្រិក បានបញ្ជាឲ្យវិស័យធុរកិច្ចមួយចំនួន មិនត្រូវបណ្តោយឲ្យក្រុមនិយោជិករបស់ពួកគេធ្វើការធ្ងន់នៅខាងក្រៅនោះឡើយ អំឡុងពេលថ្ងៃត្រង់ ។
កម្មករសំណង់ អ្នកចែកចាយចំណីអាហារ អ្នកនាំសំបុត្រ និងអ្នកផលិតនាវា ស្ថិតនៅក្នុងចំណោមកម្មករដែលត្រូវផ្អាកការងាររបស់ពួកគេចាប់ពីវេលាម៉ោង ១២ថ្ងៃត្រង់ រហូតដល់ម៉ោង ៥ល្ងាច ពោលគឺចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃសុក្រ ។
យោងតាមការអះអាងរបស់ក្រសួងការងារ បានឲ្យដឹងថា សីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់ជាង ៤០អង្សាសេ នៅតាមតំបន់មួយចំនួនរបស់ប្រទេសក្រិក ។
លោក Adamantia Krassa គឺជាអ្នកបោសសម្អាតមួយរូបនៅតាមផ្លូវក្នុងទីក្រុង និយាយថា ច្រើនលើកណាស់ដែលខ្ញុំមានអាក្ការៈឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ។ បន្ទាប់ពីខ្ញុំសម្រាក អង្គុយរយៈពេលប៉ុន្មាននាទី រួចផឹកទឹក ទើបខ្ញុំបន្តការងារទៀត ។
ចាប់តាំងពីខែមិថុនារហូតមក ប្រទេសក្រិក បានមើលឃើញសីតុណ្ហភាពហក់ឡើងខ្ពស់ឥតឈប់ឈរ បណ្តាលឲ្យអាក់ខានដល់ការងារប្រចាំថ្ងៃច្រើន ។
ដោយឡែក ភ្លើងឆេះព្រៃរាប់រយកន្លែង ត្រូវបានគេមើលឃើញផងដែរ នៅក្នុងស្ថានភាពអាកាសធាតុអាក្រក់ដែលក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសដល់បម្រែបម្រួលអាកាសធាតុ ៕
