ក្រុមហ៊ុនសហរដ្ឋអាមេរិក សង្ឃឹមថានឹងជួយដោះស្រាយបញ្ហាកើនឡើងនៃកាកសំណល់អវកាស ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតធ្វើជាប្រព័ន្ធតាមដាន ហើយពួកគេបានព្រមានប្រតិបត្តិការផ្កាយរណប មុនពេលការបុកគ្នាដែលអាចបង្កើតកម្ទេចកម្ទីអវកាសកាន់តែច្រើនជាងនេះ ។
ក្រុមហ៊ុន Privateer សហបង្កើតឡើងដោយស្ថាបនិកក្រុមហ៊ុន Appleលោក Steve Wozniak និងមានមូលដ្ឋាននៅរដ្ឋ Hawaii និយាយថា ការតាមដាន និងការកត់ត្រាទំហំដ៏ធំនៃកាកសំណល់អវកាស កាន់តែសំខាន់ជាងការបញ្ជូនផ្កាយរណបទៅកាន់គន្លងតារាវិថីទៅទៀត ។
លោក Declan Lynch គឺជាប្រធានផ្នែកប្រាក់ចំណូលរបស់ក្រុមហ៊ុន Privateer'និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា នេះកាន់តែសំខាន់ជាងពួកយើងបង្ហោះផ្កាយរណបទៅកាន់ទីអវកាសទៅទៀត ។
ដោយប្រើប្រាស់ប្រភពជាច្រើន រួមទាំងប្រភពពីបញ្ជាការដ្ឋានអវកាសសហរដ្ឋអាមេរិក និងប្រតិបត្តិការផ្កាយរណបផ្សេងទៀត កម្មវិធី Wayfinder របស់ក្រុមហ៊ុន Privateer បានតាមដានរួចទៅហើយវត្ថុជាង ៣៥.០០០ វត្ថុនៅតាមគន្លងតារាវិថី ៕
