ការព្យាយាមការពារ និងលេងបាល់វែងរបស់ក្រុមម្ចាស់ផ្ទះ Young Elephants បានក្លាយជាការគិតខុសរបស់លោក Pep Muñoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតជើងឯកក្លិបកំពូលអាស៊ាន ASEAN Club Champion-Shopee Cup វគ្គជម្រុះជើងទី១ កាលពីរាត្រីថ្ងៃពុធកន្លងទៅ ទោះបីក្រុមខ្លួន បានទទួលជ័យជម្នះ ៣-២ ក៏ដោយ ។

ថ្លែងប្រាប់ក្រុមការងារ BTV-News ក្រោយដឹកនាំក្រុមត្រឡប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៨ ខែកក្កដា លោក Pep Muñoz បានគូសបញ្ជាក់ថា ការលេងរបស់ក្រុមម្ចាស់ផ្ទះ ផ្ទុយពីការគិត និងរៀបចំទុកមុន ហើយកាន់តែលំបាក នៅពេលអ្នកចាំទី វីរៈ ដារ៉ា ទទួលការពិន័យកាតក្រហម ។ យ៉ាងណាលោកសប្បាយចិត្ត ដែលក្រុមបានគ្រប់គ្រងហ្គេមជាថ្មី នៅវគ្គទី២ រហូតអាចរកគ្រាប់បាល់ជ័យជម្នះ ។ លោកបានចាត់ទុកនេះគឺជាបទពិសោធន៍ និងមេរៀនមួយ ដើម្បីត្រៀមការប្រកួតជើងទី២ នាសប្ដាហ៍ក្រោយ ។

សូមបញ្ជាក់ថា ជំនួបជើងទី១ នៃជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់ នៅទីក្រុងវៀងចន្ទន៍ កាលពីល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមជើងឯកលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants ៣-២ ។ ការប្រកួតដ៏ជក់ចិត្តនេះ Gabriel Silva ជាអ្នករកគ្រាប់បាល់នាំមុខឲ្យក្រុមភ្ញៀវ ១គ្រាប់មុន នៅនាទី១៩ មុនព្រះខ័នរាជស្វាយរៀង បាត់បង់សមាជិកម្នាក់ គឺអ្នកចាំទី វីរៈ ដារ៉ា ដែលរងការពិន័យកាតក្រហម ដែលនាំឲ្យក្រុមម្ចាស់ផ្ទះ មានឱកាសរកបាន ២គ្រាប់នាំមុខវិញ មុនបញ្ចប់វគ្គទី១ ។

ប៉ុន្ដែចូលវគ្គទី២ ព្រះខ័នរាជស្វាយរៀង នៅតែបន្ដដាក់សម្ពាធខ្លាំងលើគូប្រជែង ពិសេសក្រោយអ្នកចាំទី Solasak Thilavong រងការពិន័យកាតក្រហមបណ្ដេញចេញ ក្រុមតំណាងកម្ពុជា បានព្យាយាមកៀបសង្កត់ រហូតរកបានគ្រាប់តាមស្មើ នៅនាទី៩០ ដែលធ្វើសម្រេចដោយកីឡាករ Christian Dos Santos ក្រោយការបញ្ជូនពីមិត្ដរួមក្រុម ញាណ សុស៊ីដាន ខណៈនៅចុងម៉ោង កីឡាករចំណូលថ្មី ទើបផ្ទេរពីក្លិប Tiffy Army FC ញាណ សុស៊ីដាន បានញាក់ និងស៊ុតពីចម្ងាយបំប៉ោងសំណាញ់ទីក្រុម Young Elephants ១គ្រាប់ទៀត ដើម្បីធានាជ័យជម្នះក្នុងជើងទី១ ឲ្យក្រុមព្រះខ័នរាជស្វាយរៀង មុនការប្រកួតជើងទី២ នាថ្ងៃទី២៤ ខែកក្កដាខាងមុខ ៕



