
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងកិច្ចប្រជុំស្តីពីមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនថា ជនស៊ីវិលប៉ាឡេស្ទីនជិត ៤០.០០០នាក់ ត្រូវបានសម្លាប់ និងប្រហែល ៩០.000 នាក់ទៀត បានរងរបួសក្នុងរយៈពេលប៉ុន្មានខែនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោក បាននិយាយថា៖«លទ្ធផលនៃប្រតិបត្តិការយោធាទ្រង់ទ្រាយធំដែលអ៊ីស្រាអែល កំពុងធ្វើជាមួយ សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បានផ្តល់ស្ថិតិដ៏គួរឲ្យរន្ធត់នៃការស្លាប់ និងការខូចខាត»។ «ក្នុងរយៈពេល ៣០០ថ្ងៃ អនុញ្ញាតឲ្យយើងនិយាយថា រយៈពេល ១០ខែ មានប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ចំនួន ៤០.000 នាក់ ត្រូវបានសម្លាប់ និងប្រហែល ៩០.000នាក់ទៀត រងរបួស ហើយពួកគេភាគច្រើនជាស្ត្រី និងកុមារ»។

លោក បាននិយាយថា៖«ចំនួនស្លាប់នេះ គឺច្រើនជាងពីរដង បើប្រៀបធៀបទៅនឹងចំនួនជនស៊ីវិលដែលបាត់បង់ជីវិត នៅភាគីទាំងពីរនៃជម្លោះនៅភាគនិរតីនៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេលដប់ឆ្នាំកន្លងមកនេះ»។
លោក ឡាវរ៉ូវ បានសង្កត់ធ្ងន់ថា តំបន់ហ្កាហ្សាស្ទ្រីបសព្វថ្ងៃនេះ កំពុងត្រូវបានបំផ្លិចបំផ្លាញ» ខណៈពេលដែលមិនអាចចូលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ទៅដល់អ្នកដែលរងផលប៉ះពាល់ និងកំពុងត្រូវការជំនួយយ៉ាងខ្លាំងនោះ។
លោកបានបន្តថា៖ «សព្វថ្ងៃនេះ តំបន់ហ្កាហ្សា [ស្ទ្រីប] កំពុងស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ផ្ទះសម្បែង សាលារៀន និងមន្ទីរពេទ្យ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗត្រូវរងការខូចខាត»។