
ជោគវាសនាផ្នែកនយោបាយរបស់លោកស្រី Ursula von der Leyen នឹងត្រូវសម្រេច នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ នៅពេលដែលសភាអឺរ៉ុបសម្រេចថា តើត្រូវជ្រើសរើស ឬបដិសេធលោកស្រីដែរ ឬយ៉ាងណា សម្រាប់ការកាន់តំណែងអាណត្តិ ៥ឆ្នាំទៀត ក្នុងនាមជាប្រធានគណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នផ្នែកប្រតិបត្តិដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុប (EU)។
ការបោះឆ្នោតនេះនឹងកំណត់ថា តើមានការបន្តតួនាទីនេះ នៅក្នុងស្ថាប័នដ៏សំខាន់របស់សហភាពអឺរ៉ុបមួយនេះដែរ ឬយ៉ាងណា ក្នុងមានពេលមានបញ្ហាប្រឈមទាំងផ្នែកខាងក្រៅ និងខាងក្នុង ក្នុងនោះរួមទាំងការកើនឡើងនូវការគាំទ្រដល់គណបក្សនយោបាយស្តាំនិយម និងក្រុមរិះគន់អឺរ៉ុប នៅទូទាំងប្លុកដែលមានសមាជិក ២៧ប្រទេសមួយនេះ។

តែដោយមិនមានបេក្ខជនជំនួសជាក់ស្តែង អ្នកគាំទ្ររបស់លោកស្រី Von der Leyen បានចាត់ទុកការបោះឆ្នោតនេះថា ជាជម្រើសមួយ រវាងស្ថិរភាព និងភាពវឹកវរ ព្រោះការបដិសេធចំពោះរូបលោកស្រី នឹងបង្កើតឲ្យមានភាពជាប់គាំងផ្នែកនយោបាយ។
លោកស្រី Von der Leyen វ័យ ៦៥ ជាម្តាយនៃកូន ៧នាក់ និងជាស្ត្រីទី១ ដែលដឹកនាំគណៈកម្មាការនេះ ត្រូវការការគាំទ្រពីសមាជិកសភាយ៉ាងតិច ៣៦១នាក់ នៅក្នុងសភាសហភាពអឺរ៉ុបដែលមានសមាជិក ៧២០រូប។
ក្រុមនិយមកណ្តាលចំនួន ៣ ដែលរំពឹងថា នឹងគាំទ្រលោកស្រី មានសមាជិកសភាសរុបចំនួន ៤០១រូប។ ប៉ុន្តែអ្នកខ្លះត្រូវបានគេរំពឹងថា នឹងបដិសេធមិនទទួលលោកស្រី នៅក្នុងការបោះឆ្នោតសម្ងាត់នេះ៕