វេជ្ជបណ្ឌិតផ្នែកកោសល្យវិច្ច័យដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ការទិញសារធាតុស្យានីដ (Cyanide) ដោយស្រួលៗ និងការជឿទុកចិត្តលើមនុស្សខុស ប្រហែលជាកំពុងជំរុញឲ្យមាននិន្នាការគួរឲ្យព្រួយបារម្ភ ពីការមានអំពើឃាតកម្មដោយការពុលតាមអាហារ នៅក្នុងប្រទេសថៃ។
ការប្រើប្រាស់សារធាតុស្យានីដ បានលេចឡើងចំនួន ២ករណី ក្នុងប្រទេសថៃ កាលពីពេលថ្មីៗនេះ។ សារធាតុនេះ ត្រូវបានរកឃើញប្រើប្រាស់ដោយឃាតករសម្លាប់មនុស្សជាបន្តបន្ទាប់ ឈ្មោះ Sararat «Am» Rangsiwuthaporn ដែលករណីរបស់ជនល្មើសរូបនេះ បានធ្វើឲ្យក្លាយជារឿងល្បីល្បាញខ្លាំងបំផុត នៅក្នុងខែមេសា ឆ្នាំ២០២៣។ ស្ត្រីរូបនោះត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្សរហូតដល់ ១៤នាក់ ដោយប្រើប្រាស់សារធាតុស្យានីដនេះ។
ការប្រើប្រាស់សារធាតុគីមីពុលនេះ បានកើតមានឡើងម្តងទៀត ក្នុងសប្តាហ៍នេះ នៅពេលដែលរបាយការណ៍ពិនិត្យសព បានបង្ហាញថា មនុស្ស ៦នាក់ ដែលត្រូវបានប្រទះឃើញស្លាប់ក្នុងបន្ទប់ នៅឯសណ្ឋាគារ Grand Hyatt Erawan ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ត្រូវបានបំពុលដោយសារធាតុស្យានីដនេះ។ ជនទាំង ៦នាក់ ដែលមានបុរស ៣នាក់ និងស្ត្រី ៣នាក់ គឺជាជនជាតិវៀតណាម តែមាន ២នាក់ ក៏មានសញ្ជាតិអាមេរិកដែរ។
ក្នុងករណីទាំង ២នេះ នគរបាលបានឲ្យដឹងថា សារធាតុគីមីនោះ ត្រូវបានដាក់បំពុលជនរងគ្រោះ ក្នុងអាហារ ឬភេសជ្ជៈ។ ដាននៃសារធាតុគីមីនេះ ត្រូវបានរកឃើញនៅក្នុងពែងតែ សម្រាប់ករណីចុងក្រោយនេះ។
ថ្វីត្បិតតែ ស្យានីដត្រូវបានចាត់ថ្នាក់ជាសារធាតុគីមីត្រូវបានគ្រប់គ្រង នៅក្នុងប្រទេសថៃក៏ដោយ ក៏ប្រជាជន នៅតែអាចទិញវាបានដោយងាយស្រួល សម្រាប់គោលបំណងជាច្រើន ដូចជាបណ្តេញពពួកសត្វពស់ និងបង្គួយជាដើម៕