កំពង់ធំ៖ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 នឹងជួសជុលផ្លូវក្រាលគ្រួសក្រហមជាង២០គីឡូម៉ែត្រ ភ្ជាប់ពីភូមិទំរីង ទៅឃុំសុចិត្រ ជូនពលរដ្ឋ។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 ជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណជិត៦០០នាក់។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីអាជ្ញាធរ ស្រុកសណ្តាន់ លោកប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ លោកគ្គនាយកក្រុមហ៊ុន K88 លោកប្រធាន សមាគមចិន និង ឯកឧត្ដម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល។ ក្នុងឱកាសនោះ លោកអគ្គនាយក ក្រុមហ៊ុនអាជីវកម្មរ៉ែមាស K88 លើកឡើងថា ក្នុងនាមក្រុមហ៊ុនអាជីវកម្ម រ៉ែមាស K88 ពិតជាសប្បាយរីករាយ ជាមួយនឹងការជួបជុំ សំណេះសំណាលសួរសុខទុក្ខនាឱកាសនេះ។ ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈលោកមេឃុំសុចិត្រ និងអាជ្ញាធរស្រុកសណ្តាន់ ដែលស្នើរដល់ ក្រុមហ៊ុនជួយជួសជុលផ្លូវក្រាលគ្រួសក្រហមភ្ជាប់ពីភូមិទំរីង ទៅឃុំសុចិត្រ ដែលប្រវែងសរុបជាង២០គីឡូម៉ែត្រ ក្នុងនោះក្រុមហ៊ុនសូមទទួលសំណូមពរ ហើយនឹងរៀបចំជួសជុលជូនក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីជួយ សម្រួល ដល់ការធ្វើដំណើរប្រកបការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនកសិកផល និងការប្រកប អាជីវកម្មផ្សេងៗផងដែរ។ ទន្ទឹមនេះ ក្នុងនាមក្រហ៊ុនក៏បាននាំយកនូវគ្រឿងឧបភោពបរិភោព ចែកជូនប្រជាពលរដ្ឋសរុប ៩៥នាក់ ដែលក្នុងម្នាក់ទទួលបានអង្ករ ត្រីខ មី ទឹកស៊ីអ៊ីវ ទឹកត្រី និងថវិកាធ្វើដំណើរ៣ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូ សរុបចំនួន២៥នាក់ ក្នុងម្នាក់ទទួលបានសៀវភៅសរសេរ៤០ក្បាល ប៉ិច ខ្មៅដៃ ថវិកា៥ម៉ឺនរៀល និងកុំព្យូទ័រ ៤គ្រឿង សម្រាប់សាលាចំនួន៤ ព្រមទាំងសិស្សានុសិស្ស៤៥០នាក់ ក្នុងម្នាក់ទទួលបានសម្ភារសិក្សាមួយឈុត។
ជាមួយគ្នានេះ ឯកឧត្ដម អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើកឡើងថា បន្ទាប់ពីក្រហ៊ុនអាជីវកម្មរ៉ែមាស K88 បានសិក្សាស្រាវជ្រាវរកឃើញទិន្និន័យរ៉ែអាចធ្វើអាជីវកម្ម បាន ក្រុមហ៊ុនដាក់ពាក្យស្នើរធ្វើអាជីវកម្ម និងទទួលបានការអនុញ្ញាត្តផ្តល់សិទ្ធិធ្វើរួចរាល់ហើយ ប៉ុន្តែក្រុមហ៊ុន កំពុងសិក្សាបន្ថែមលើផលប៉ះពាលបរិស្ថានជាមុនសិន។ ការសិក្សាផលប៉ះពាល់បរិស្ថាន នឹងបញ្ចប់ក្នុង ពេលឆាប់ៗនិងចាប់អាជីវកម្មនាពេលខ្លីខាងមុខនេះ។ ការធ្វើអាជីវកម្មរ៉ែនឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ តាមរយៈការជ្រើសកម្លាំងពលកម្មចេញពីប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។ ឯកឧត្តមបន្តថា សកម្មភាពផ្តល់ ជូនអំណោយមនុស្សធម៌នេះ ជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ស្រប តាមផែនការយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រតាមយន្តការរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ទៅ តាមលទ្ធភាព។ ការផ្តល់ជូនសម្ភារៈសិក្សា ដល់ក្មួយៗជាសិស្សានុសិស្ស ក៏ជាផ្នែកមួយចូលរួមលើកស្ទួយ ការអប់រំប្រកបដោយសមធម៌ ស្របជាមួយចក្ខុវិស័យរបស់ ក្រសួងអប់រំយុវជន និងកីឡា ផងដែរ។
ជាចុងក្រោយ ឯកឧត្តម ផ្តាំផ្ញើរដល់ក្មួយៗទាំងអស់ខិតខំសិក្សារៀនសូត្រ ដើម្បីមានចំណេះដឹង ចំណេះធ្វើ នឹងក្លាយទៅជាពលរដ្ឋល្អ ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាន និងប្រទេសជាតិយើង។









