កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រដែលនៅចំកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប ហើយបានវាយប្រហារទីក្រុងហ្កាហ្សាភាគខាងជើងកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ដោយបានសម្លាប់មនុស្សជាង ២០ នាក់ ហើយរថក្រោះបានវាយរុញចូលទៅក្នុងទីក្រុងរ៉ាហ្វា (Rafah) នៅភាគខាងត្បូង។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ដែលនឹងត្រូវថ្លែងទៅកាន់សភាអាមេរិកនៅសប្តាហ៍ក្រោយនេះ បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់កងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ជុំវិញក្រុង Rafah ដោយប្រាប់ពួកគេថាសម្ពាធយោធារួមជាមួយនឹងការទាមទារឱ្យនាំយកចំណាប់ខ្មាំងទាំងអស់មកវិញ កំពុងចេញលទ្ធផល។

នៅទីក្រុង Rafah អ្នកស្រុកបាននិយាយថា រថក្រោះអ៊ីស្រាអែលបានវាយរុលចូលកាន់តែជ្រៅនៅភាគខាងលិចនៃទីក្រុង ហើយបានកាន់កាប់ទីតាំងនៅលើកំពូលភ្នំនៅទីនោះ។ យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងបានកំណត់ទីតាំងផ្លូវរូងក្រោមដីជាច្រើន និងបានសម្លាប់ខ្មាន់កាំភ្លើងជាច្រើននាក់។

មនុស្សជាងមួយលាននាក់បានស្វែងរកទីជំរកនៅក្នុងទីក្រុង Rafah គេចពីការប្រយុទ្ធនៅចុងភាគខាងជើង ប៉ុន្តែមនុស្សភាគច្រើនត្រូវរត់ភៀសខ្លួនម្តងហើយម្ដងទៀត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកនៅក្នុង និងជុំវិញទីក្រុងនេះកាលពីខែឧសភា ដើម្បីកម្ចាត់កងពលតូចរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលកំពុងប្រតិបត្តិការនៅទីនោះ៕