គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៨ កក្កដា) ថាកន្លែងថែទាំសុខភាពនៅតំបន់ហ្កាហ្សាភាគខាងត្បូង កំពុងស្ថិតក្នុងដំណាក់កាលដួលរលំ ខណៈចំនួនអ្នកស្លាប់ និងរបួសយ៉ាងច្រើនដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល កំពុងបន្តធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតដល់ប្រព័ន្ធវេជ្ជសាស្ត្រដែលកំពុងតែជួបការលំបាករួចទៅហើយនេះ។

គណៈកម្មាធិការ ICRC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំនួនអ្នកស្លាប់និងរបួសច្រើនខ្លាំងដែលបណ្តាលមកពីអរិភាពមិនឈប់ឈរ បានដាក់សម្ពាធលើសមត្ថភាពឆ្លើយតបរបស់មន្ទីរពេទ្យ និងកន្លែងសុខភាពទាំងអស់នៅភាគខាងត្បូងហ្កាហ្សា ឱ្យស្ថិតក្នុងស្ថានភាពទប់ទល់លែងបានក្នុងការថែទាំអ្នករបួសដែលគំរាមកំហែងដល់អាយុជីវិត»។

កាកបាទក្រហមបាននិយាយថា អ្នកជំងឺភាគច្រើនត្រូវបានជម្លៀសជាច្រើនដង ហើយកំពុងរស់នៅក្នុងកន្លែងតូចចង្អៀត ពិបាកទទួលបានអាហារ និងទឹកស្អាត ដែលធ្វើឱ្យពួកគេងាយនឹងកើតជំងឺ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA បាននិយាយនៅថ្ងៃដដែលនោះថា មានតែមណ្ឌលសុខភាពចំនួន ១០ ក្នុងចំណោម ២៦កន្លែងរបស់ខ្លួនប៉ុណ្ណោះនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅតែអាច «ដំណើរការតិចតួច»។ ទិន្នន័យពីអង្គការសុខភាពពិភពលោកបានបង្ហាញថា ចាប់តាំងពីជម្លោះបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំមុនមក ការវាយប្រហារច្រើនជាង ១.០០០ដង លើគ្រឹះស្ថានសុខាភិបាលត្រូវបានកត់ត្រានៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ៕