យោងតាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា សហការីរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskiy) បានពិភាក្សាគ្នាលើការហៅទូរសព្ទរវាងមេដឹកនាំទាំងពីរ។

ប្រភពបាននិយាយថាការហៅទូរសព្ទអាចកើតឡើងនៅថ្ងៃសុក្រ (១៩ កក្កដា) នេះ ប៉ុន្តែគេមិនអាចកំណត់បានភ្លាមៗថាតើការសន្ទនានេះត្រូវបានបញ្ជាក់ ឬយ៉ាងណាទេ ហើយប្រសិនបើជាការពិត វានឹងក្លាយជាការពិភាក្សាលើកដំបូងរបស់មេដឹកនាំទាំងពីរចាប់តាំងពីអតីតប្រធានាធិបតីអាមេរិករូបនេះបានចាកចេញពីសេតវិមានក្នុងឆ្នាំ២០២១ មក។

CNN បានរាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា មេដឹកនាំទាំងពីរមានគម្រោងហៅទូរសព្ទនៅថ្ងៃសុក្រនេះ ប៉ុន្តែក៏បានព្រមានថា កាលវិភាគរបស់អតីតប្រធានាធិបតី ដែលកំពុងស្ថិតនៅក្នុងទីក្រុង មីលវ៉ូឃី (Milwaukee) ដើម្បីទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណៈរដ្ឋ អាចនឹងត្រូវបានផ្លាស់ប្ដូរ។
លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មុនពេលលោកចូលកាន់តំណែងនៅខែមករា ប្រសិនបើលោកឈ្នះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើលោកនឹងធ្វើដូច្នេះដោយរបៀបណាឡើយ។ អ្នកតំណាងយុទ្ធនាការបោះឆ្នោតរបស់ Trump បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការហៅទូរសព្ទដែលមានគ្រោងទុកនេះទេ៕