សមាជិកម្នាក់នៃការិយាល័យនយោបាយរបស់ក្រុមដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហារដោយយានដ្រូនទៅលើទីក្រុងតែលអាវីវ (Tel Aviv) គឺជាលើកដំបូងក្នុងចំណោមការបង្កើនប្រតិបត្តិការយោធានាពេលខាងមុខរបស់ក្រុមហ៊ូទី ប្រឆាំងនឹងទីក្រុងនានារបស់អ៊ីស្រាអែល។
លោក Hazam al-Assad បានប្រាប់សារព័ត៌មានលីបង់ Al Mayadeen ថា អ៊ីស្រាអែល គួរតែប្រុងប្រយ័ត្ន «នៅក្នុងទីក្រុងទាំងអស់» ដោយសារថា អ្វីដែលនឹងមកដល់ គឺធំណាស់សម្រាប់សត្រូវ ដរាបណានៅមានការឈ្លានពានប្រឆាំងនឹងតំបន់ហ្កាហ្សា។
លោក Al-Assad បាននិយាយថា ក្រុមហ៊ួទី បាន«ចូលទៅក្នុងដំណាក់កាលយុទ្ធសាស្រ្តថ្មី ក្នុងប្រតិបត្តិការប្រឆាំងនឹងសត្រូវ» ដោយបន្ថែមថា មាន «ការធ្វើសមាហរណកម្មជាមួយកងកម្លាំងនៃរណសិរ្សតស៊ូ នៅក្នុងប្រទេសលីបង់ អ៊ីរ៉ាក់ និងប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
ក្រុមហ៊ួទី បាននិយាយថា ពួកគេបានធ្វើការវាយប្រហារលើទីក្រុងតែលអាវីវ ដែលក្នុងនោះមនុស្សម្នាក់បានស្លាប់ ដោយប្រើយានដ្រូនថ្មីមួយគ្រឿង ដែលមិនអាចស្ទាក់ចាប់បាន។