នៅក្នុងរបាយការណ៍ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៨ ខែកក្កដា) អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អះអាងថា ប្រធានាធិបតីប៉េរូ លោកស្រី Dina Boluarte អាចនឹងត្រូវទទួលខុសត្រូវទោសព្រហ្មទណ្ឌ និងជាអ្នកធំជាងគេ នៅក្នុងការបញ្ជាជាបន្តបន្ទាប់ ដែលនាំទៅដល់ហេតុការណ៍ស្លាប់មនុស្សរាប់សិបនាក់ អំឡុងពេលមានការតវ៉ា នៅដើមអាណត្តិរបស់លោកស្រី។
បច្ចុប្បន្ន លោកស្រី Boluarte កំពុងត្រូវបានការិយាល័យរដ្ឋអាជ្ញារបស់ប្រទេសប៉េរូស៊ើបអង្កេតពីបទឧក្រិដ្ឋ ដែលត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តិ «អំពើប្រល័យពូជសាសន៍ មនុស្សឃាត និងបង្ករបួសធ្ងន់ធ្ងរ» ពាក់ព័ន្ធនឹងការស្លាប់ដោយការតវ៉ា បន្ទាប់ពីមានការចោទប្រកាន់ និងការចាប់ខ្លួនលើអ្នកស្នងតំណែងមុនរបស់លោកស្រី គឺលោក Pedro Castillo នៅចុងឆ្នាំ២០២២។
តែយ៉ាងណាក្ដី លោកស្រី Boluarte បានច្រានចោលម្ដងហើយម្ដងទៀតនូវការចោទប្រកាន់ អំពីការរំលោភបំពាន នៅឯការតវ៉ា ហើយបានបដិសេធដោយស្បថថា លោកស្រីមិនមានទំនាក់ទំនងផ្ទាល់ជាមួយនគរបាល និងមេបញ្ជាការយោធា ក្នុងអំឡុងពេលតវ៉ានោះទេ។
របាយការណ៍ថ្មីរបស់អង្គការលើកលែងទោសនេះ ដែលមានចំណងថា «តើអ្នកណាអំពាវនាវឲ្យមានការបាញ់ប្រហារ?» នោះ អះអាងថា លោកស្រី Boluarte «មិនត្រឹមតែបន្តការប្រាស្រ័យទាក់ទងគ្នាជានិច្ច» ជាមួយនគរបាល និងមេបញ្ជាការយោធា ក្នុងអំឡុងពេលតវ៉ានោះទេ ប៉ុន្តែថែមទាំង «បានសម្រេចដំឡើងឋានន្តរសក្តិដល់មន្ត្រីដែលបានដើរតួសំខាន់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការទាំងនេះ» ទៀតផង៕