ភ្នំពេញ ៖ ព្រឹត្តិការណ៍អន្តរជាតិដ៍ធំ GUMBALL3000 ដែលនឹងប្រមូលផ្ដុំកំពូលរថយន្តទំនើបៗរាប់រយគ្រឿង អ្នកបើកបរសុទ្ធសឹងជា ជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល និងតារានិងកីឡាករលំដាប់ពិភពលោកជាច្រើនរូប នឹងមានវត្តមាននៅក្នុងព្រះរាជាណា ចក្រកម្ពុជានាខែកញ្ញាខាងមុខនេះ។
ឧកញ៉ា លាង ពៅ (ភីធើរ) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លើកឡើងក្នុងសន្និសីទព័ត៌មាន ស្តីពី ព្រឹត្តិការណ៍ GUMBALL3000 ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា ព្រឹត្តិការណ៍ GUMBALL3000 នឹងក្លាយជាព្រឹត្តិការណ៍ ដ៏ធំថ្នាក់ជាតិមួយក្នុងឆ្នាំ២០២៤ ហើយក្រុមហ៊ុន ជីប ម៉ុង ត្រូវបានជ្រើសរើសជាដៃគូសហការផ្លូវការក្នុងប្រទេសកម្ពុជាតែមួយគត់ ដោយមានការជ្រោមជ្រែងពីក្រសួងទេសចរណ៍ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា។
GUMBALL3000 សម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុន ជីប ម៉ុង ដោយសារបានយល់ច្បាស់ និងជឿជាក់លើកេរ្តិ៍ឈ្មោះ និងកិត្តិសព្ទរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងទីផ្សារកម្ពុជា ជាក្រុមហ៊ុនដែលមានមូលដ្ឋានគ្រិះរឹងមាំ មានបទពិសោធន៍ក្នុងការរៀបចំ ព្រឹត្តិការណ៍ធំៗ អាចធ្វើការផ្សព្វផ្សាយពីព្រឹត្តិការណ៍នេះឲ្យកាន់តែបានទូលំទូលាយផងដែរ និងធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបាន ជោគជ័យ។ ជាងនេះទៅទៀតហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មដ៏សម្បូរបែបរបស់ក្រុមហ៊ុន ជីប ម៉ុង នឹងផ្តល់ភាពងាយស្រួលក្នុងការ រៀបចំទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ ដែលសុទ្ធសឹងជាជនមានឥទ្ធិពល មហាសេដ្ឋីលំដាប់កំពូល តារាល្បីៗ និងកីឡាករលំដាប់ពិភព លោកជាច្រើនរូប សំដៅយ៉ាងណាផ្តល់បទពិសោធន៍នៃការស្នាក់នៅរបស់ពួកគេក្នុងប្រទេសកម្ពុជា ប្រកបដោយភាពរីករាយ និង អនុស្សាវរីយ៍មិនអាចបំភ្លេចបាន។
ការនាំយកនូវព្រឹត្តិការណ៍ GUMBALL3000 មានក្នុងគោលបំណងចំនួន៤សំខាន់ៗគឺ៖ ១.ការជំរុញវិស័យទេសចរណ៍នៅ កម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេសទៅកាន់ពិភពលោក, ២.ការចូលរួមចំណែកក្នុងសប្បុរសធម៍ដ៍ធំទៅមន្ទីរពេទ្យកុមារអង្គរ ខេត្ត សៀមរាប, ៣.ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា, និង ៤. ការបង្កើតកំណត់ត្រាពិភព លោកហ្គីណេស ” ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត” ។ ដោយឡែកសម្រាប់លោកអ្នកដែលជាអ្នកគាំទ្រ រថយន្តទំនើបៗ អាចចុះឈ្មោះចូលរួមនូវក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបានផងដែរ, ការចូលរួមរបស់លោកអ្នក ជាចំណែកមួយក្នុង ការជួយទៅកុមារកម្ពុជា និងការបង្កើតនូវប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី



